បើកម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបើកបុកពីក្រោយ

ព្រៃវែង ៖ មនុស្ស ៣នាក់ បានរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ ខណៈបុរសចំណាស់ម្នាក់ ជិះម៉ូតូបត់ឆ្វេងឆ្លងផ្លូវមិនប្រយ័ត្ន ហើយមានម៉ូតូគ្មានភ្លើងស៊ីញ៉ូសុំផ្លូវ បណ្ដាលឱ្យម៉ូតូមួយគ្រឿងទៀតបើកបរនិងជិះដោយយុវតី ២នាក់ មកក្រោយគេចមិនទាន់ ក៏បុកបណ្ដាលឱ្យដួលលើថ្នល់រងរបួសទាំងសងខាង ។

គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ២០នាទី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះឈ្មោះ នេត ភុន លើផ្លូវលេខ៣១០ ស្ថិតក្នុងភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

សមត្ថកិច្ចនិយាយថា ដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៧ ពាក់ស្លាកលេខ កំពត1K-6691 បើកបរដោយឈ្មោះ ឆាំ សុភក្ត្រា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិជ្រៃថ្មី ឃុំកោះកា ស្រុកពាមជរខេត្តព្រៃវែង របួសចិញ្ចើមសងខាង បបូរមាត់ (ពាក់មួកសុវត្ថិភាព) និងអ្នករួមដំណើរម្នាក់ឈ្មោះ នី ចាន់រតនា ភេទស្រីអាយុ ១៨ឆ្នាំ រស់នៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ពាក់មួកសុវត្ថិភាព របួសស្មាស្តាំ ម្រាមជើងស្តាំ។

ខណៈជិះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូម៉ាកសង់កូរ៉េ ដែលបត់ឆ្លងផ្លូវមិនប្រយ័ត្ន និងមិនមានភ្លើងស៊ីញ៉ូសុំផ្លូវ ពណ៌ក្រហម ពាក់ស្លាកលេខ ព្រៃវែង 1C-2740 បើកបរដោយឈ្មោះ រស់ ផល្លា ភេទប្រុស អាយុ ៦៤ឆ្នាំទីលំនៅភូមិស្ពាន ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង របួសក្បាលជង្គង់ (គ្មានពាក់មួកសុវត្ថិភាព) ។

បច្ចុប្បន្ន អ្នករបួសទាំង៣នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពាមជរ ។ ដោយឡែកវត្ថុតាងម៉ូតូទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះចេក ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *