បុរសម្នាក់ឆក់ខ្សែភ្លើង នៅក្រោយផ្ទះបណ្តាលឱ្យបាត់បង់ជីវិត

ភ្នំពេញ ៖ មានករណីបុរសម្នាក់គ្រោះថ្នាក់ឆក់ចរន្តអគ្គិសនីបណ្តាលឱ្យបាត់បង់ជីវិត នៅចំណុចមាត់ទន្លេមេគង្គក្រោមផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កើតឡើងនាវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

សមត្ថកិច្ចនិយាយថា សពជនរងគ្រោះឈ្មោះ ហួត សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះលេខ២៤៥ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

យោងតាមការបំភ្លឺពីឈ្មោះ ហួត វាសនា ភេទប្រុស ជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បងប្រុសរបស់ខ្ញុំបានទៅស្ទូចត្រីជាមួយខ្ញុំនៅមាត់ទន្លេមេគង្គ ពីខាងក្រោមផ្ទះទុកចោល១កន្លែង, ពេលនោះបងប្រុសខ្ញុំបានយកកាំបិតទៅត្រាយព្រៃមាត់ទន្លេ មួយស្ទុះក្រោយមកស្រាប់តែឮសម្លេងបងប្រុសខ្ញុំស្រែក«ជួយផង»ទើបខ្ញុំបានរត់ទៅមើលឃើញបងប្រុសរបស់ឆក់ដៃខាងស្តាំជាប់នឹងខ្សែភ្លើង១ខ្សែ ហើយក៏បានរបូតដៃចេញពីខ្សែភ្លើងធ្លាក់ចូលទៅក្នុងទឹក ហើយខ្ញុំបានទៅជួយនាំទៅមន្ទីរពេទ្យ, ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថា«បងខ្ញុំបាត់បង់ជីវិតហើយ»។

យោងតាមការបំភ្លឺពីឈ្មោះ កាន វុត្ថា ភេទប្រុស ជាអ្នកមើលថែផ្ទះបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល៣និង៤០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ មានគេមកប្រាប់ខ្ញុំថា«មានមនុស្សឆក់ខ្សែភ្លើងនៅខាងក្រោយផ្ទះជាប់មាត់ទន្លេ ទើបខ្ញុំបានទៅមើលឃើញមានមនុស្សប្រុសចំនួន៣នាក់ បានជួយធ្វើចលនាសង្គ្រោះជនរងគ្រោះ ហើយខ្ញុំក៏បានឱ្យពួកគេលើកជនរងគ្រោះឡើងមកលើចេញតាមទ្វារផ្ទះទៅក្រៅនាំទៅមន្ទីរពេទ្យ ហើយខ្ញុំបានទំនាក់ទំនងជាងភ្លើងមកកាត់ខ្សែភ្លើងចេញពីព្រឺភ្លើងនៅសំយាកផ្ទះខាងក្រោយ រួចក្រោយមកទើបខ្ញុំដឹងដំណឹងថា«ជនរងគ្រោះបាត់បង់ជីវិត»។

យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព របស់សមត្ថកិច្ចជំនាញចម្រុះនូវព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញបាមសន្និដ្ឋានបានថា «ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី»។បច្ចុប្បន្ន សាកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *