បុរសជនជាតិថៃម្នាក់ ជាបុគ្គលិកកាស៊ីណូម៉ារីណាន បាត់បង់ជីវិតក្នុងបន្ទប់ទឹក

បន្ទាយមានជ័យ ៖ មានករណីបុរសជនជាតិថៃម្នាក់ ជាបុគ្គលិកកាស៊ីណូម៉ារីណាន ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបាត់បង់ជីវិតមុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយជម្ងឺក្អួតឈាម កើតឡើងកាលពីថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣និង០៥នាទីរសៀល កន្លងទៅ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនជាតិថៃដែលបាត់បង់ជីវិតឈ្មោះ TANACHAI CHAYKHUN ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូម៉ារីណាន កាន់លិខិតឆ្លងដែនលេខ AC ៤១៦៧៨៦៤ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ គីឡូលេខ៤(បុរីសានហ៊ូ)សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

តាមការបំភ្លឺពីឈ្មោះ PITATTA SENKEAW ភេទស្រី អាយុ ៣១ ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC ៤២០៩៣៦៤ ត្រូវជាប្រពន្ធសាកសព បានរៀបរាប់ថា នាងនិងប្តីរបស់នាងបានចូលមកធ្វើការក្នុងកាស៊ីណូ ម៉ារីណាន(ក្នុងបុរីសានហ៊ូ) បានប្រហែល០២ឆ្នាំមកហើយ និងបានគ្នាជាប្តី ប្រពន្ធបានរយៈពេល៥ឆ្នាំ ដោយគ្មានកូនជាមួយគ្នាទេ,ប្តីនាងខ្ញុំគាត់ធ្លាប់មានជំងឺប្រចាំកាយតាំងពីកើតមក គឺជំងឺបេះដូងប្រហោង។ 

មាងបន្តថា នៅមុនថ្ងៃកើតហេតុថ្ងៃទី១៩ សីហា ឆ្នាំ ២០២៣ ប្តីនាងខ្ញុំគាត់មានអាការៈមិនស្រួលខ្លួន ក្អក តឹងដើមទ្រូងនិងពិបាកដកដង្ហើម ហើយនាងបានយកគាត់ទៅព្យាបាលនៅ គ្លីនិច អាគារថ្មី បានរយៈពេលចំនួន០៣ថ្ងៃ បន្ទាប់មកដោយនាងរវល់ធ្វើការក៏សុំពេទ្យមកស្នាក់នៅផ្ទះជួលវិញ តែត្រូវយកគាត់ទៅចាក់ថ្នាំរាល់ពេលដែលពេទ្យបានកំណត់។ 

នាងបន្តថា នៅថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣ វេលាម៉ោងប្រហែល ២ និង ៣០ នាទីរសៀល នាងនិងប្តីកំពុងនៅកន្លែងធ្វើការក្នុងកាស៊ីណូ ជាមួយគ្នានៅក្នុងបន្ទប់ លេខ ២០៥ ជាន់ទី២ ។ពេលនោះប្តីនាងខ្ញុំគាត់បានសុំចូលបន្ទប់ទឹកមួយសន្ទុះក្រោយមក ស្រាប់តែពេលនោះមានគេមកប្រាប់ខ្ញុំថា«ឮសំលេងប្តីនាងខ្ញុំក្អួតនៅក្នុងបន្ទប់ទឹក នាងខ្ញុំបានរត់ទៅមើលហើយបានស្រែកហៅគាត់ទ្វារបន្ទប់ទឹកចាក់គន្លឹះពីក្នុង តែគាត់មិនឆ្លើយតបឡើយ។

នាងបន្តទៀតថា ពេលនោះខ្ញុំបានស្រែកហៅមិត្តភ័ក្តអោយមកជួយ និងបានច្រានទ្វារ បន្ទប់ទឹកឃើញប្តីខ្ញុំអង្គុយផ្អែកនឹងជញ្ជាំង ក្អួតឈាមពេញបន្ទប់ទឹក ហើយនាងខ្ញុំបានដឹកគាត់តាមរថយន្តយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។ពេលដឹកមកដល់គ្រូពេទ្យបានត្រួតពិនិត្យមើល ហើយបានប្រាប់ថា ប្តីខ្ញុំបានដាច់ខ្យល់ស្លាប់មុនពេលបញ្ជូនមកដល់មន្ទីរពេទ្យ។

តាមការសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យសាកសពនិងលោកវជ្ជបណ្ឌិត វ៉ាន់ ចេស គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ថា «បុរសឈ្មោះ TANACHAI CHAYKHUN ដែលបានស្លាប់នេះដោយសារជំងឺក្អួតឈាមច្រើនបណ្តាលឱ្យគាំងបេះដូងស្លាប់  ពុំពាក់ព័ន្ធនឹងអំពើអត្តឃាតឬឃាតកម្មនោះទេ»៕

Leave a Reply

Your email address will not be published. Required fields are marked *