ឥណ្ឌាទទួលបានជោគជ័យ បន្ទាប់ពីយានអវកាស ចុះចតលើប៉ូលខាងត្បូង របស់ព្រះចន្ទ

បរទេស ៖ យានអវកាសឥណ្ឌាបានក្លាយជាយានដំបូងគេ ដែលបានចុះចតនៅលើប៉ូលខាងត្បូងដ៏រដិបរដុប មិនទាន់រុករករបស់ព្រះចន្ទកាលពីថ្ងៃពុធ ទី២៣ សីហា ឆ្នាំ២០២៣ ក្នុងបេសកកម្ម ដែលគេមើលឃើញថា «មានសារៈសំខាន់ចំពោះការរុករកឋានព្រះចន្ទ និង ក្នុងឋានៈឥណ្ឌាជាមហាអំណាចអវកាសមួយ គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីយានរបស់រុស្ស៊ីស្រដៀងគ្នានេះបានធ្លាក់»។

លោកណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រី ដែលគ្រវីទង់ជាតិឥណ្ឌា នៅពេលលោកមើលការចុះចតពីប្រទេសអាហ្វ្រិកខាងត្បូង ជាទីដែលលោកកំពុងចូលរួមកិច្ចប្រជុំកំពូល BRICS បាននិយាយថា «ពេលវេលានេះគឺមិនអាចបំភ្លេចបានទេ វាអស្ចារ្យណាស់។ នេះជាសម្រែកជ័យជម្នះនៃឥណ្ឌាថ្មីមួយ»។

ចំណែកក្រុមអ្នកវិទ្យាសាស្ត្រនិងមន្ត្រីបានទះដៃអបអរសាទរនិងឱបគ្នាទៅវិញទៅមក នៅពេលដែលយានអវកាសបានចុះចត ហើយមនុស្សនៅទូទាំងប្រទេសឥណ្ឌា  បានផ្ទុះការប្រារព្ធពិធី ដោយដុតផាវនិងរាំតាមដងផ្លូវសាធារណៈ។

ប្រធានអង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) លោក អេស សូម៉ាណាត (S Somanath) បាននិយាយថា«ឥណ្ឌាស្ថិតនៅលើឋានព្រះចន្ទហើយ»ខណៈយាន Chandrayaan-3 បានចុះចត ដោយធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសទីបួន ដែលទទួលបានជោគជ័យ ក្នុងការចុះចតយានអវកាសនៅលើឋានព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក ចិននិង អតីតសហភាពសូវៀត។ ឯISRO បានចែករំលែករូបភាពពីយានអវកាស ដែលបង្ហាញផ្ទៃព្រះចន្ទ និង ជើងរបស់យានព្រមទាំងស្រមោលរបស់យាន។

គេឃើញសណ្ឋានដីរដិបរដុបបានធ្វើឱ្យប៉ូលខាងត្បូងពិបាកចុះចតបំផុត ប៉ុន្តែទឹកកកក្នុងតំបន់នេះអាចផ្គត់ផ្គង់ប្រេងឥន្ធនៈ អុកស៊ីសែន និង ទឹកផឹកសម្រាប់បេសកកម្មនាពេលអនាគត។

ចំណែកលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានអបអរសាទរឥណ្ឌា នៅក្នុងសារមួយទៅកាន់លោកម៉ូឌី ដែលបានចុះផ្សាយនៅលើវេបសយរបស់វិមានក្រឹមឡាំង។ពូទីន បន្តថា «នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខក្នុងការរុករកអវកាស ហើយជាការពិតណាស់ជាសក្ខីភាពចំពោះវឌ្ឍនភាពដ៏គួរឱ្យចាប់អារម្មណ៍ដែលធ្វើឡើងដោយប្រទេសឥណ្ឌាក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា»។

លោក ប៊ីល នែលសុន (Bill Nelson) អ្នកគ្រប់គ្រងណាសា បានអបអរសាទរ ISRO ចំពោះការចុះចតនេះ។ លោកបន្តនៅលើ X ថា “ហើយសូមអបអរសាទរដល់ឥណ្ឌា ដែលក្លាយជាប្រទេសទីបួនក្នុងការចុះចតយានអវកាសថ្នមៗដោយជោគជ័យនៅលើឋានព្រះចន្ទ។ យើងរីករាយដែលបានធ្វើជាដៃគូរបស់អ្នកក្នុងបេសកកម្មនេះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *