នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ប្តេជ្ញាជំរុញជីវភាពរស់នៅរបស់ប្រជារាស្ត្រ

បរទេស ៖ លោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃអង្គារទី២២ សីហាឆ្នាំ២០២៣ថា «លោកបានត្រៀមខ្លួនប្រឹងប្រែងធ្វើការឱ្យអស់ពីលទ្ធភាពដើម្បីជំរុញស្ថានភាពជីវភាពរបស់ប្រជាជនថៃ»។ លោកបានធ្វើការសន្យាបែបនេះនៅទីស្នាក់ការបក្សភឿថៃនៅម៉ោងប្រហែល ៦និង៤០ នាទីល្ងាច ក្រោយសភាបានបោះឆ្នោតឱ្យគាត់ធ្វើជានាយករដ្ឋមន្ត្រីកាលពីល្ងាចថ្ងៃអង្គារ ម្សិលមិញ។

លោកបន្តថា «ខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានបោះឆ្នោតធ្វើជានាយករដ្ឋមន្ត្រីទី៣០។ ខ្ញុំសូមអរគុណប្រជាជនថៃទាំងអស់ បក្សចម្រុះ សមាជិកសភា និង ព្រឹទ្ធសមាជិកទាំងអស់ ដែលបានបោះឆ្នោតថ្ងៃនេះ។ ខ្ញុំនឹងប្រឹងអស់ពីលទ្ធភាព បំភ្លេចចោលការនឿយហត់ក្នុងអតីតកាល និង ជំរុញស្ថានភាពជីវភាពរស់នៅរបស់ប្រជាជនថៃទាំងអស់»។

ខណៈពេលអ្នកសារព័ត៌មានសួរថាតើគាត់ត្រៀមខ្លួនហើយឬនៅដើម្បីធ្វើការជានាយករដ្ឋមន្ត្រី លោកស្រេតថាបានក្តាប់ដៃឡើងលើ ហើយនិយាយថា «ត្រៀមរួចហើយ»។ តែលោកបានបដិសេធមិនឆ្លើយសំណួរដទៃ ដោយនិយាយថា«វាមិនសមរម្យទេចាំគាត់ទទួលការតែងតាំងជាផ្លូវការពីព្រះមហាក្សត្រសិន។ បន្ទាប់ពីនោះនឹងធ្វើសន្និសីទកាសែតពេញលេញតែម្តង»។ លោកបានបន្ថែមថា «អ្នកតំណាងរាស្ត្រនៃបក្សចម្រុះដទៃបានទូរសព្ទមករូបលោកនិងអបអរសាទរគាត់»។

ខណៈលោកស្រេតថា កំពុងជជែកជាមួយអ្នកកាសែត នាង ផែតុងតាន ស៊ីណាវ៉ាត់ (Paetongtan Shinawatra) បានមកដល់ទីស្នាក់ការកណ្តាលរបស់បក្សដើម្បីអបអរគាត់។ កូនស្រីពៅរបស់ថាក់ស៊ីនគឺជាបេក្ខនារីនាយករដ្ឋមន្ត្រីម្នាក់ទៀតរបស់បក្សភឿថៃ។ 

សភា​និង​ព្រឹទ្ធសភារួមគ្នា​កាល​ពី​ថ្ងៃ​អង្គារ​បាន​បោះឆ្នោត​ជ្រើសរើស​លោក​ស្រេតថាជានាយករដ្ឋមន្ត្រី ដោយមាន​សំឡេង​គាំទ្រ ៤៨២ សំឡេង​ប្រឆាំង ១៦៥ និង​អនុប្បវាទ ៨១ សំឡេង។

ចំពោះសំឡេងប្រឆាំងភាគច្រើនគឺកើតចេញពីបក្សកាវក្លៃ ដែលឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតកាលពីថ្ងៃទី ១៤ ឧសភា គឺ ១៥១ អាសនៈ ធៀបនឹង ១៤១ អាសនៈសម្រាប់បក្សភឿថៃ។ ប៉ុន្តែបក្សនេះមិនអាចឱ្យមេដឹកនាំរបស់ខ្លួន លោក ភិតា ឡឹមចារឿនរ៉ាត់ ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី នៅក្នុងសភាថៃបានទេ៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *