រថយន្តម៉ាកម៉ែកសឺដេស បុករបាំងថ្មចែកទ្រូងផ្លូវ បាក់អស់បីកង់

ភ្នំពេញ ៖ រថយន្តម៉ាកម៉ែកសឺដេស ខូចខ្ទេចផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់ពីមានយុវជនម្នាក់បើកលឿនទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់៣កង់ កើតឡើងកាលពីវេលាម៉ោង២និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខច្រកចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ  តាមបណ្ដោយផ្លូវសហព័ន្ធីរុស្សុី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកម៉ែកសឺដេស ពណ៌ស ពាក់ស្លាកលេខកម្ពុជាTIN.1322 បើកបរដោយយុវជនម្នាក់តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន។

លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបុករបាំងចែកទ្រូងផ្លូវ ឯរថយន្តទៀតទៅផ្លូវម្ខាងខូចខាតផ្នែកខាងមុខយ៉ាងដំណំ, គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឱ្យអ្នកបើករងរបួសស្រាល។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *