ថាក់ស៊ីនត្រៀមត្រឡប់មកមាតុភូមិវិញ តើនឹងមានឈុតឆាកក្រឡាប់ចាក់អ្វីកើតឡើងនៅថៃ

បរទេស ៖ អតីត​មេដឹកនាំ​ជាមហាសេដ្ឋី​ ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គ្រោង​នឹង​វិល​ត្រឡប់​មក​ស្រុកវិញ​ក្រោយ​ការ​និរទេស​ខ្លួន​អស់ ១៥ ឆ្នាំ ពោលគឺតែប៉ុន្មាន​ម៉ោង​មុន​ពេល​សភា​ដែលជាប់គាំង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី ដែលធ្វើឱ្យប្រទេសថៃ​​ត្រៀម​ខ្លួន​សម្រាប់​ភាព​ចលាចល​នយោបាយនៅ​ថ្ងៃ​អង្គារនេះ។
លោកថាក់ ស៊ីន ត្រូវគេរំពឹងថា នឹងមកដល់អាកាសយានដ្ឋានដនមឿងទីក្រុងបាងកកនៅម៉ោង ៩ ព្រឹក ហើយត្រូវចាប់ខ្លួនភ្លាមៗ នៅក្នុងរឿងរ៉ាវនយោបាយដ៏ច្របូកច្របល់ចុងក្រោយបង្អស់ របស់ព្រះរាជាណាចក្រមួយនេះ។
សភានឹងបោះឆ្នោតនៅពេលរសៀលថ្ងៃអង្គារនេះថា តើត្រូវអនុម័តទទួលយកមហាសេដ្ឋីធុរកិច្ច លោក ស្រេតថា ថាវីស៊ីន ​(Srettha Thavisin)​ ជានាយករដ្ឋមន្ត្រីនៅឯក្រុមចម្រុះ និង បញ្ចប់ការជាប់គាំងនយោបាយរយៈពេលបីខែ ដែលបានចាប់ផ្តើមជាមួយនឹងការបោះឆ្នោតកាលពីខែឧសភា ឬយ៉ាងណា។

លោកថាក់ស៊ីន វ័យ៧៤ ឆ្នាំ ដែលជានាយករដ្ឋមន្ត្រីពីរដង ប៉ុន្តែត្រូវបានបណ្តេញចេញនៅក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ បាននិយាយថា ឥឡូវនេះគាត់មានឆន្ទៈក្នុងការប្រឈមមុខនឹងការផ្តន្ទាទោសព្រហ្មទណ្ឌ ដែលគាត់បានទៅនិរទេសខ្លួននៅបរទេសដើម្បីគេចវេស។
គាត់បានបង្ហោះនៅលើ X កាលពីរសៀលថ្ងៃចន្ទថា «ខ្ញុំចង់ស្នើសុំការអនុញ្ញាតត្រឡប់ទៅរស់នៅលើទឹដីថៃវិញនិងចែករំលែកខ្យល់ដកដង្ហើមជាមួយបងប្អូនប្រុសស្រីរបស់ខ្ញុំ»។គាត់គ្រោងនឹងមកដល់តាមយន្តហោះឯកជន ហើយនឹងត្រូវជួបប៉ូលិសមុនពេលបញ្ជូនទៅតុលាការកំពូល ទទួលដីកាជាប់ពន្ធនាគារ និង បញ្ជូនទៅឃុំខ្លួន។
លោក ដាំរ៉ុងសាក់ គីតទីប្រាផាស (Damrongsak Kittiprapas) អគ្គស្នងការនគរបាលជាតិ បាននិយាយថា «យើងត្រៀមខ្លួនគ្រប់ពេល ពេលណាដែលគាត់ត្រឡប់មកវិញ»។ប៉ូលិស​កំពុង​ត្រៀម​សម្រាប់ជំនន់​អ្នក​គាំទ្រ​ថាក់ស៊ីន​មក​ស្វាគមន៍​គាត់ ដោយ​គណបក្ស​ភឿថៃ​របស់​គាត់​បាន​និយាយ​ថា «​ពួកគេ​អាច​មាន​ចំនួន​រាប់ពាន់នាក់»។
លោកថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំងមុខក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនបួន បើទោះបីជាអាជ្ញាយុកាលបានផុតកំណត់ក្នុងករណីមួយក៏ដោយ។ ទោស​ជាប់​ពន្ធនាគារ​សរុបរបស់គាត់គឺ​១០​ឆ្នាំ។
គេ​មិន​ដឹង​ថា​តើ​លោក​ថាក់ស៊ីន​អាចនឹង​ជាប់​គុក​ប៉ុន្មានឆ្នាំនោះ​ទេ។ សហការីរបស់គាត់សង្ឃឹមថា «គាត់អាចនឹងត្រូវផ្ទេរទៅឃុំឃាំងក្នុងផ្ទះ បន្ទាប់ពីជាប់គុកមួយរយៈពេលខ្លី បើទោះបីជាមិនមានការធានាបែបនេះក៏ដោយ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *