លោកអធិការនគរបាលខណ្ឌឫស្សីកែវ ធ្វើសន្និសិទកាសែតបំភ្លឺ ជុំវិញការឃាត់ខ្លួនជនសង្ស័យខ្មែរ-វៀតណាម ១១នាក់ ដែលវាយតប់គ្នានៅស្វាយប៉ាក

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យ១១នាក់ ជុំវិញបង្កហិង្សាដោយចេតនា ដោយប្រើកាំបិតបុ័ងតោ, កាំបិតផ្គាក់, ដាវសាំម៉ូរៃ, ដំបងឆក់ និងឈើជ្រុង វាយប្រតាយប្រតបគ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាង។

សន្និសិទកាសែតនេះបានធ្វើឡើងកាលពីវេលាថ្ងៃត្រង់ ទី២១ខែសីហា ឆ្នាំ ២០២៣ នៅអធិការដ្ឋានខណ្ឌ បន្ទាប់ពីប្រជាពលរដ្ឋប្រមាណ៥០នាក់រស់នៅ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក បានផ្ទុះការតវ៉ាទាមទារឱ្យដោះលែងជនសង្ស័យ ដែលរងរបួសកាលពីម្សិលមិញ ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីយប់មានករណីប្រើហិង្សាដោយចេតនា មានស្ថានទង្ងន់ទោស ដោយវាយតប់គ្នាទៅវិញទៅមកដោយ ប្រើកាំបិតប៉័ងតោ,កាំបិតផ្គាក់ ,ដាវសាំម៉ូរៃ ,ដំបងឆក់ និងឈើជ្រុង នៅចំណុចផ្លូវលេខ១០០៣ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ ។

លោកបន្តថា ករណីនេះមានគូភាភីពីរ បង្កហិង្សាកើតឡើង គឺគូភាគីម្ខាងជាជនជាតិខ្មែរ  ដែលបានចូលទៅលួចស្ទួចត្រីក្នុងស្រះចិញ្ចឹមរបស់ភាគី ជនជាតិវៀតណាម។នៅក្នុងសកម្មភាព ភាគីខាងស្រះត្រីបានឃើញ ក៏បានហៅបក្សពួកមកដេញចាប់បានម្នាក់ពេលនោះ ភាគី ជនជាតិខ្មែរ ក៏បានរត់មកជួយ រហូតមានហិង្សាវាយតបគ្នា ទៅវិញទៅមក បណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំងសងខាងតែម្តង។

លោកអធិការបន្តថា បន្ទាប់ពីកើតហេតុ នគរបាលបានហៅភាគីទាំង២មកធ្វើការបំភ្លឺនៅស្នាក់ការប៉ុស្តិ៍  មានអ្នកពាក់ព័ន្ធនឹងករណីហិង្សានេះមានចំនួន១២នាក់ ខាងជនជាតិវៀតណាម (ម្ចាស់ស្រះត្រី)ចំនួន៦នាក់និងភាគីជនជាតិខ្មែរចំនួន៦នាក់ ។

បន្ទាប់ពីធ្វើការបំភ្លឺរួច សមត្ថកិច្ច នគរបាលបានរាយការណ៍ ទៅលោកស្នងការរង ទទួលផែន និង រាយការណ៍ ទៅព្រះរាជ្ញារងប្រចាំខណ្ឌ ហើយបានបញ្ជាឱ្យឃាត់ខ្លួន ភាគីទាំងសងខាង១១នាក់  និងម្នាក់រងរបួសធ្ងន់កំពុងសម្រាកព្យាបាលដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។

លោកហ៊ាង ថារ៉េត បន្ទាប់ឃាត់ខ្លួន នៅព្រឹកថ្ងៃទី២០ខែ សីហា ឆ្នាំ ២០២៣ មានប្រជាពលរដ្ឋ ដែលជាសាច់ ញាតិជនសង្ស័យខាងភាគីខ្មែរ បាននាំគ្នាមកសុំឱ្យមានការដោះលែង និង មានសារព័ត៌មានមួយចំនួន បានផ្សាយព័ត៌មានខុសពីការពិត និងធ្វើឱ្យប៉ះពាល់កិត្តិយសសេចក្កីថ្លៃថ្នូររបស់សមត្ថកិច្ច ។

លោកអធិការ ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និង បណ្តាលអ្នកសារព័ត៌មានទាំងឡាយ មុននឹងផ្សាយព័ត៌មានអ្វីមួយសូមឱ្យពិនិត្យ និងសាកសួរគ្រប់គូភាគីនិងសមត្ថកិច្ច ចៀសវាងផ្សាយព័ត៌មានតែមួយជ្រុង ធ្វើឱ្យប្រជាពលរដ្ឋទូទៅមានការភាន់ច្រឡំព្រមទាំងមានការរើសអើង។

ជនសង្ស័យដែលត្រូវឃាត់ខ្លួននិងធ្វើការបង្ហាញមុខ នោះភាគីទី១-ឈ្មោះសុខ ខុម ភេទប្រុសអាយុ ៣៩ឆ្នាំ ជនជាតិវៀតណាម, ឈ្មោះលី ហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ, ឈ្មោះឡាំ វ៉ឹងដកភេទប្រុស អាយុ៣០ឆាំ្ន ជនជាតិវៀតណាម,ឈ្មោះ ឃូ ខិន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម,ឈ្មោះ ឌិន ទៀង ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិវៀតណាម និងឈ្មោះ សុខ ហុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម។

ចំណែកភាគីទី២-ឈ្មោះឆេង ផន ភេទស្រីអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ,ឈ្មោះ ថាច់ ធី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះប៉ុន សំណាង ភេទប្រុសអាយុ២៦ឆ្នាំ , ឈ្មោះថាច់ នី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះឃឿន សុខេង ភេទប្រុសអាយុ ២២ឆ្នាំ និង ឈ្មោះថាច់ ធា ភេទប្រុសអាយុ ៣៩ឆ្នាំ ពុំត្រូវបានឃាត់ខ្លួន ឡើយកំពុងសម្រាក់នៅមន្ទីរពេទ្យ ។ 

ជនសង្ស័យត្រូវបានបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលារសៀលថ្ងៃទី២១ខែ សីហា ឆ្នាំ២០២៣ចាត់ការតាមនីតិវិធី ៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *