បើកPass Appគាស់ផ្ទះអ្នកស្រុកលួចម៉ូតូ និង ទ្រព្យសម្បត្តិ សមត្ថកិច្ចឃាត់២នាក់

កណ្តាល ៖ ជនសង្ស័យ២នាក់ដែលមានប្រវត្តិជាប់គុកច្រើនលើក ចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៤ និង ៣០នាទី នៅចំណុចផ្ទះជួលជនរងគ្រោះនៅភូមិព្រៃសំរោងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពីបានធ្វសកម្មភាពគាស់ផ្ទះយកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួន។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ គង់ កក្កដា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តស្នាក់នៅភូមិព្រៃសំរោង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ។  

ចំណែកជនសង្ស័យ៤នាក់,ឃាត់ខ្លួនបាន២នាក់រួមមាន ១-ឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ជាម្ចាស់ទីតាំង ឃាត់ខ្លួន។ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក និងមណ្ឌលបន្សាបសារធាតុញៀន ១លើក គឺលើកទី១-ករណីប្លន់រយៈពេល០៥ឆ្នាំ (ឆ្នាំ២០០៣នៅខេត្តកណ្តាល),លើកទី២-ករណីរំលោភលើទំនុកចិត្ត រយៈពេល០៦ខែ (ឆ្នាំ២០១៦ នៅខេត្តកណ្តាល),លើកទី៣-ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល០២ឆ្នាំ ០៦ខែ(ឆ្នាំ២០១៩ នៅខេត្តកណ្តាល)និងមណ្ឌលបន្សាបសារធាតុញៀន៣ខែ(ឆ្នាំ២០២៣ នៅមណ្ឌលឱកាសខ្ញុំ)។

ជនសង្ស័យទី២-ឈ្មោះ ឌិន រដ្ឋា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិត រស់នៅភូមិត្នោតម្តើម ស្រុកអង្គស្នួល (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារ០៣លើក គឺលើកទី១-ករណី រំលោភលើទំនុកចិត្តរយៈពេល០៨ខែ(ឆ្នាំ២០០៣នៅខេត្តកណ្តាល), លើកទី២-ករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រយៈពេល០២ឆ្នាំ(ឆ្នាំ២០១៤ នៅខេត្តកណ្តាល)និងលើកទី៣-ករណី ហិង្សាដោយចេតនា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ រយៈពេល០៣ឆ្នាំ(២០១៧ខេត្តកណ្តាល)។

វត្ថុតាងចាប់យករួមមាន ១-ម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវ-ស ឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JL-6094 ជារបស់ជនរងគ្រោះ, ២-កុំព្យូទ័រលើតុ ចំនួន០១ឈុតជារបស់ជនរងគ្រោះ ,៣-ផាសអេបចំនួន០១គ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HU-9684 ជារបស់ជនសង្ស័យ ,៤-ទូរសព្ទដៃចំនួន០២គ្រឿង ម៉ាកវីវ៉ូ V19 ម៉ាកអិនចុចពិល12.8០មួយគ្រឿង និងដុំសាកថ្មទូរសព្ទមួយ ,៥-ស្លាកលេខម៉ូតូចំនួន៧សន្លឹក រដ្ឋ៣១ 1-0044, ភ្នំពេញ1CM-2872, ភ្នំពេញ1DO- 6643, ភ្នំពេញ1CN-2528, ប.មានជ័យ1V-7712, កណ្តាល1G-8644, កំពង់ចាម 1F-5084 ,៦-ស្លាកលេខផាសអេបចំនួន០៣សន្លឹក ភ្នំពេញ1IB-5874, ភ្នំពេញ1HZ-6685, ភ្នំពេញ1HR-2310 និង សម្ភារមួយចំនួនធំ។

សមត្ថកិច្ចបន្តថា នៅថ្ងៃទី១៩សីហាឆ្នាំ២០២៣ វេលាម៉ោងប្រហែល០១រសៀលជនរងគ្រោះ បានយកម៉ូតូរបស់ខ្លួនបញ្ចូលទុកក្នុងផ្ទះហើយជនរងគ្រោះនិងបងប្រុស ក៏ចាក់សោទ្វារផ្ទះហើយនាំគ្នាចេញទៅដើរលេងនៅភ្នំេពញ ។លុះដល់ថ្ងៃទី២០ ខែឆ្នាំដដែល វេលាម៉ោង០៩និង៣០នាទី បងប្រុសរបស់ជនរងគ្រោះមកដល់ផ្ទះ ស្រាប់តែឃើញទ្វារផ្ទះចំហររួចចូលទៅពិនិត្យមើលក្នុងផ្ទះក៏ដឹងថាបាត់ម៉ូតូជនរងគ្រោះ ហើយក៏សុំអនុញ្ញាតអ្នកជិតខាងឆែកមើលកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញមានជនសង្ស័យចំនួន០២នាក់ជិះផាសអេប ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1HU-9684 មកឈប់ខាងមុខផ្ទះរបស់ជនរងគ្រោះ ។

ពេលនោះជនសង្ស័យទាំង០២នាក់បានដើរចូលទៅធ្វើសកម្មភាពគាស់ទ្វារផ្ទះរបស់ជនរងគ្រោះ រួចយកម៉ូតូជិះគេចខ្លួនបាត់ទៅ។ បន្ទាប់មកដោយម៉ូតូរបស់ជនរងគ្រោះមានដាក់ប្រព័ន្ធGPS ទើបរាយការណ៍ទៅកម្លាំងប៉ុស្ដិ៍នគរបាលដំណាក់អំពិល ហើយឆែកតាមប្រព័ន្ធGPS ក៏ឃើញបញ្ជាក់ទីតាំងនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួលខេត្តកណ្តាល ។

លុះដល់នៅថ្ងៃទី២០សីហាឆ្នាំ២០២៣ វេលាម៉ោង១និង៤៩នាទីរសៀល ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម លាវ ស្រេងព្រះរាជអាជ្ញានៃអម្យាការអមសាលាដំបូងខេត្តកណ្តាល បានឯកភាពឱ្យធ្វើការឆែកឆេរ ទើបកម្លាំងផ្នែកជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្ដិ៍ដំណាក់អំពិល កម្លាំងប៉ុស្តិ៍បែកចាន និងចូលរួមជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានចុះទៅដល់ទីតាំងតាមប្រព័ព្ធGPSនោះជាផ្ទះរបស់ជនសង្ស័យ ឈ្មោះ អុឹម ដារ៉ា ហៅយ៉ា ហើយឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមជាមួយវត្ថុតាងមួយចំនួន ហើយនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាមនីតិវិធីច្បាប់៕ (ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *