ឯកឧត្តមបណ្ឌិត ស សុខា អញ្ជើញបិទការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៣ នេះ បានបញ្ចប់ដោយជោគជ័យ ពិសេសបានឃើញក្មួយៗជាកុមារា កុមារី និងកីឡាករ កីឡាការិនីថ្នាលរបស់យើង ឆ្លងកាត់នូវការប្រកួតជាលក្ខណៈបច្ចេកទេស ស្តង់ដារ ដែលការប្រកួតនេះ ទី១. ឲ្យក្មួយៗបានវាស់ស្ទង់នូវសិទ្ធផលជាក់លាក់ និងពិតប្រាកដ ដែលវិនិច្ឆ័យដោយមន្ត្រីបច្ចេកទេសរបស់យើង និងទី២. ក្មួយៗបានឆ្លងកាត់ការប្រកួតមួយដែលមានបទបញ្ជាច្បាស់លាស់ សម្រាប់ការប្រកួតជាលក្ខណៈជាតិ និងអន្តជាតិ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ស សុខា បានគូសបញ្ជាក់ដែរថា សកម្មភាពអប់រំកាយ និងកីឡា ត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាបានលើកកម្ពស់ទូទាំងសកលលោក ព្រោះវិស័យនេះ បានផ្តល់ឱ្យនូវបំណិនជីវិតជាពិសេសបានផ្តល់ឲ្យមនុស្សជាតិ មានសុខភាពល្អក្នុងការកសាងប្រទេសជាតិ ដែលអាចនិយាយបានថា ( ខួរក្បាលឬបញ្ញាញាណល្អវាស្ថិតនៅលើមនុស្ស ដែលមានសុខភាពល្អ និងកាយសម្បទាមាំមួនតែប៉ុណ្ណោះ)។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ថ្លែងបន្តទៀតថា ការប្រកួតកីឡាសិស្សបឋមសិក្សានេះ ផ្តល់ឱកាសអោយយុវជនបានកសាងសមត្ថភាព ដែលអាចឈានទៅជាវិជ្ជាជីវៈ សម្រាប់ខ្លួនផ្ទាល់ និងជាពិសេសឱ្យយុវជន ប្រជាពលរដ្ឋទូទៅ ងាកផុតពីអំពើអបាយមុខ ក៏ដូចជាអំពើអវិជ្ជមាននានា ដែលជាគ្រោះមហន្តរាយដល់សហគមន៍ និងប្រជាជាតិទាំងមូល។

ឯកឧត្តមបណ្ឌិត  សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំកាយ និងកីឡា និងបន្តទទួលនូវការប្រកួតកម្រិតអន្តរជាតិនានា ដែលជាក្តីសង្ឃឹមសម្រាប់ប្អូនៗ ក្មួយៗទាំងអស់គ្នា ទទួលបាននូវឱកាសជាកីឡាករកីឡាការិនីតំណាងអោយជាតិ មានឱកាសកសាងកិត្តិយសជូនជាតិ នាពេលអនាគត៕( ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *