លួចកាបូបបាន ៤ម៉ោងត្រូវនគរបាល ប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ បានស្រាវជ្រាវដាក់កម្លាំងពួនស្ទាក់ រហូតដល់បង្ក្រាបករណី លួចកាបូបលុយជាក់ស្តែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣ នៅចំណុចមុនផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

នគរបាលប៉ុស្តិ៍និយាយថា ជនសង្ស័យឈ្មោះហុក យូ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរគ្មានស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះគង់ សុធី ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

នគរបាលបន្តថា នៅព្រឹកថ្ងៃកើតហេតុ បុរសជនរងគ្រោះបានទុកកាបូបលុយ ក្នុងហោប៉ៅខោ រួចយកទៅព្យួរនៅលើដៃម៉ូតូ ដោយក្នុងកាបូបមានលុយ៤០០ដុល្លារ រួចគាត់បានចូលទៅធ្វើសំណង់បន្ត ។ ភ្លាមនោះស្រាប់តែជនសង្ស័យម្នាក់ជិះកង់ មកជិត ដោយឃើញឱកាសល្អ បានធ្វើសកម្មភាពលួចកាបូបជនរងគ្រោះ បានសម្រេចគេចខ្លួនបាត់។ 

លុះដល់ម៉ោង៣និង៤០នាទីរសៀល ថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ និង ដកហូតវត្ថុតាងកង់ មួយគ្រឿងដែលជិះធ្វើសកម្មភាព, កាបូប លុយមួយ, លុយចំនួន៤០០ ដុល្លារជារបស់ជនរងគ្រោះ និង បានបញ្ជូនមកទីប៉ុស្តិ៍នគរបាលច្បារអំពៅទី២ ធ្វើការសាកសួរ។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ សាកសួរ និង បញ្ជូនបន្ត ទៅអធិការនគេបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕( ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *