Update ៖ ក្រុមឧក្រិដ្ឋជន ដែលរំដោះអ្នកទោស នៅខេត្តសៀមរាបចាប់បាន៧នាក់​

ភ្នំពេញ ៖ គិតមកដល់ថ្ងៃទី១៩សីហាឆ្នាំ២០២៣នេះ សមត្ថកិច្ចបង្ក្រាបបានក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសនៅខេត្តសៀមរាប៧នាក់​ ក្នុងនោះមានស្ត្រីម្នាក់ជា ជនជាតិចិន សញ្ជាតិអាមេរិក ។ 

នេះបើយោងតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចូលរួមសន្និសីទសារព័ត៌មាន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ពាក់ព័ន្ធប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនប្លន់ទណ្ឌិតគ្រឿងញៀន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ នៅខេត្តសៀមរាប។

ឯកឧត្តម ម៉ក់ ជីតូ បន្តថា រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ ក្រុមឧក្រិដ្ឋជនពាក់ព័ន្ធករណីនេះចំនួន៧នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះ បុរស៦នាក់ ជាជនជាតិខ្មែរសញ្ជាតិអាមេរិក និង ស្ដ្រីជនជាតិចិន សញ្ជាតិអាមេរិកម្នាក់។

បើតាមរូបថតបានបង្ហាញក្នុងសន្និសីទសារព័ត៌មានបញ្ជាក់ថា ជនសង្ស័យ៧នាក់រួមមាន ១-ឈ្មោះក្លូអេ យេនរ៉ុង( CHLOE YINRONG)ភេទស្រី , ២-ឈ្មោះផេវ ប្រាសិទ្ធសិទ្ធ( PHEV BRASETH SETH)ភេទប្រុស, ៣-អ៉ិន ចាន់ធី( IN CHANNTY)ភេទប្រុស, ៤-ឈ្មោះសាវី សាវុធ(SAVY SAVUTH)ភេទប្រុស, ៥-ឈ្មោះសំ ដេវីដ (SOM DAVID ) ភេទប្រុស, ៦-ឈ្មោះរឹម សុផល (REM SOPHAL )ភេទប្រុស និង៦-ឈ្មោះហ្វូស សារ៉ាត់សៀន(FROST SARATH SEAN) ភេទប្រុស។ នៅមានបុរស៤នាក់ និងស្ត្រី២នាក់ ជាជនជាតិអេស្ប៉ាញ មានតួនាទីឃ្លាំមើលនិងសង្កេតការណ៍ ជុំវិញគ្លីនិចធ្មេញ និងបក្ខពួកសេសសល់មួយចំនួនទៀត ដែលសមត្ថកិច្ចកំពុងប្រមាញ់ចាប់ខ្លួនបន្ត។

គួររំលឹកថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ថា មកដល់ពេលនេះ អាជ្ញាធរសមត្ថកិច្ចបង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ ដែលបានទៅរំដោះមេក្លោងគ្រឿងញៀននៅគ្លីនិកពេទ្យធ្មេញជុំចិន្តា ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ឯកឧត្តមនេត សាវឿន បាបបន្តថា មេក្លោងធំដែលជាទណ្ឌិតត្រូវបានក្រុមឧក្រិដ្ឋជនរំដោះនោះ មិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ ខណៈកម្លាំងជំនាញនគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់ជាបន្ដទៀត។ ការបង្ក្រាបឧក្រិដ្ឋជនទាំង៦នាក់នេះ ធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ពោលគឺនៅយប់ថ្ងៃទី១៧សីហា បង្ក្រាបបាន៤នាក់ នៅខណ្ឌបឹងកេងកង និង២នាក់ផ្សេងទៀតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១៨សីហាឆ្នាំ២០២៣ នៅសណ្ឋាគារធំមួយកន្លែង ក្បែរកោះពេជ្រ រាជធានីភ្នំពេញ។ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ កំពុងដុតដៃដុតជើងចុះស្រាវជ្រាវ ស្វែងរកចាប់ខ្លួនមេក្លោងធំ និងបក្ខពួកជាបន្តទៀត ។

យោងតាមសេចក្តីរាយការណ៍បឋមពីលោក ឆែម សាវុធ អគ្គនាយក ពន្ធនាគារ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៣ថា មន្ដ្រីពន្ធនាគារ៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន ឈ្មោះឈិន ហ្ស៊ីនហាន Chen hsin han អាយុ៤៥ឆ្នាំ ជាប់ទោស៥២ឆ្នាំលើករណីគ្រឿងញៀន ទៅគ្លីនិកធ្មេញ ។លុះពេលកំពុងអង្គុយរង់ចាំពេទ្យធ្វើធ្មេញស្រាប់តែមានជនមិនស្គាល់មុខ ៥នាក់ពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធតកាណុងមិនឮសម្លេង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសជាទណ្ឌិតនោះចេញទៅបាត់។ 

ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារទាំង៤នាក់នោះ ឱ្យដើរចូលទៅក្នុងបន្ទប់ រួចពួកគេបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AA-4315 រត់គេចខ្លួនអស់តែម្ដង។

ក្រោយមក មានគេរាយការណ៍ថា រថយន្ដដែលក្រុមឧក្រិដ្ឋជនជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោលក្បែរកំពោតព្រៃ ហើយសមត្ថកិច្ចជំនាញក៏ធ្វើការត្រួតពិនិត្យ និងបានប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារសម្រាប់ស្លៀកពាក់ធ្វើសកម្មភាពមួយចំនួនទៀត៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *