WHO និង ក្រសួងសុខាភិបាលអាមេរិក កំពុងតាមដានមេរោគកូវីដបំប្លែងថ្មី BA.2.86

បរទេស ៖ អង្គការសុខភាពពិភពលោក (WHO) និង ក្រសួងសុខាភិបាលអាមេរិកបាននិយាយកាលពីថ្ងៃសុក្រថាពួកគេកំពុងតាមដានយ៉ាងដិតដល់នូវមេរោគកូវីដបំប្លែងថ្មី បើទោះបីជាផលប៉ះពាល់សក្តានុពលនៃមេរោគ BA.2.86 បច្ចុប្បន្ននៅមិនទាន់ដឹងក៏ដោយ។

WHO បានសរសេរនៅក្នុងព្រឹត្តិបត្រអំពីជំងឺរាតត្បាតកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា WHO បានចាត់ថ្នាក់មេរោគបំប្លែងនេះជាប្រភេទមួយដែលស្ថិតនៅក្រោមការឃ្លាំមើល «ដោយសារតែចំនួនដ៏ធំ (ច្រើនជាង ៣០) នៃការប្រែប្រួលស្ប៉ៃហ្សែន (Spike Gene) ដែលវាផ្ទុក»។

រហូតមកដល់ពេលនេះ មេរោគបំប្លែងនេះត្រូវបានរកឃើញតែនៅក្នុងប្រទេសអ៊ីស្រាអែល ដាណឺម៉ាក និង សហរដ្ឋអាម៉េរិកប៉ុណ្ណោះ។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាម៉េរិកបានបញ្ជាក់ថា ខ្លួនក៏កំពុងតាមដានយ៉ាងដិតដល់នូវមេរោគបំប្លែងនេះនៅក្នុងសារមួយនៅលើវេទិកាបណ្តាញសង្គម X ផងដែរ។

WHO បាន​និយាយ​ថាមាន​តែ​បួន​លំដាប់នៃ​មេរោគបំប្លែងប៉ុណ្ណោះដែលគេស្គាល់។ WHO បន្តថា «ផលប៉ះពាល់សក្តានុពលនៃមេរោគបំប្លែង BA.2.86 មិនទាន់ដឹងនៅឡើយ ហើយកំពុងស្ថិតនៅក្រោមការវាយតម្លៃយ៉ាងប្រុងប្រយ័ត្ន»។

វេជ្ជបណ្ឌិត ហ្វ្រង់សឺស បាល់ឡូ (Francois Balloux) សាស្ត្រាចារ្យផ្នែកជីវវិទ្យាប្រព័ន្ធកុំព្យូទ័រនៅសាកលវិទ្យាល័យ College London បាននិយាយថា ការចាប់អារម្មណ៍ដែលទាក់ទាញដោយមេរោគបំប្លែងថ្មីគឺត្រូវបានធានា។

លោកបាននិយាយនៅក្នុងអត្ថាធិប្បាយដែលបានចេញផ្សាយកាលពីថ្ងៃសុក្រដោយសំដៅទៅលើមេរោគបំប្លែងដែលបានផ្ទុះឡើងលើពិភពលោកក្នុងរដូវរងាឆ្នាំ ២០២២ បណ្តាលឱ្យមានការកើនឡើងនៃករណីកូវីដ១៩ យ៉ាងដូច្នេះថា  «BA.2.86 គឺជាប្រភេទ Sars-CoV-2 ដ៏ទាក់ទាញបំផុត ដែលពិភពលោកបានមើលឃើញចាប់តាំងពីការលេចឡើងនៃមេរោគបំប្លែងអូមីក្រុង ។ នៅប៉ុន្មានសប្តាហ៍ខាងមុខ យើងនឹងឃើញថាតើ BA.2.86 នឹងមានការទាក់ទងទៅនឹងប្រភេទរងអូមីក្រុងផ្សេងទៀតកម្រិតណា»៕ (ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *