រថយន្តក្រុមហ៊ុនទេសចរណ៍ដឹកអ្នកដំណើរកាពីតូល បុកគ្នាជាមួយម៉ូតូ PCX នៅគល់ស្ពានអាកាស៥មករា

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តក្រុង របស់ក្រុមហ៊ុនទេសចរណ៍និងដឹកអ្នកដំណើរកាពីតូល បុកពីក្រោយយ៉ាងពេញទំហឹង កើតឡើងកាលពីវេលាម៉ោង ៧និង២០នាទី យប់ថ្ងៃសុក្រ ទី១៨ខែសីហា ឆ្នាំ២០២៣ត្រង់ចំណុចខាងកើតគល់ស្ពានអាកាស៥មករា មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក ។

សមត្ថកិច្ចបានឱ្យថា ជនរងគ្រោះឈ្មោះ ផាន់ ទិវ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ រស់នៅក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារ អំពៅ ជិះម៉ូតូម៉ាក PCX ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1HE-1848 ជិះតែម្នាក់ឯង ។ ចំណែកឯរថយន្តក្រុងម៉ាកKIA ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង3A-2349 ក្រុមហ៊ុនទេសចរណ៍និងដឹកអ្នកដំណើរកាពីតូល អ្នកបើកបានចុះរត់បាត់។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា ដំបូងគេឃើញជនរងគ្រោះខាងលើជិះម៉ូតូPCXតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនល្មម ,ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តក្រុង របស់ក្រុមហ៊ុនកាពីតូល បើកមកពីក្រោយស្របទិសគ្នាយ៉ាងលឿនជ្រុលបានមកបុកពេញទំហឹង ធ្វើឲ្យជនរងគ្រោះដួលបោកក្បាលបាត់បង់ជីវិតភ្លាមៗ ហើយគេឃើញអ្នកបើកបរបានបើកទ្វារចុះរត់បាត់តែម្តង។

ប្រភពដដែលបានបន្តថា គាត់បានឃើញអ្នករត់កង់បីម្នាក់ បានចុះយកទូរសព្ទរបស់ជនរងគ្រោះបាត់ពីកន្លែងកើតហេតុហើយក្រោយមកក៏មានសាច់ញាតិមកដល់កន្លែងកើតហេតុបានអះអាងថា«ជនរងគ្រោះមានខ្សែកមួយខ្សែ,ទូរសព្ទបីគ្រឿង តែឥឡូវនេះឃើញតែទូរសព្ទមួយគ្រឿងនិងចិញ្ចៀនមួយវង់បាត់ខ្សែក បាត់ទូរសព្ទពីរគ្រឿង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសព សមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកទៅគេហដ្ឋានធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *