បង្ក្រាបបានក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសនៅខេត្តសៀមរាប ៦នាក់​ នៅបឹងកេងកង​៤នាក់ និង ចំការមន២នាក់​ និង អ្នកទោសកំពុងរត់គេចខ្លួន

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១៨ខែសីហា ឆ្នាំ២០២៣ថា មកដល់ពេលនេះ អាជ្ញាធរសមត្ថកិច្ចបង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ ដែលបានទៅរំដោះមេក្លោងគ្រឿងញៀននៅគ្លីនិកពេទ្យធ្មេញជុំចិន្តា ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ឯកឧត្តមនេត សាវឿន បាបបន្តថា មេក្លោងធំដែលជាទណ្ឌិតត្រូវបានក្រុមឧក្រិដ្ឋជនរំដោះនោះ មិនទាន់ត្រូវចាប់ខ្លួនបាននៅឡើយទេ ខណៈកម្លាំងជំនាញនគរបាលជាតិ កំពុងស្រាវជ្រាវតាមចាប់ជាបន្ដទៀត។ ការបង្ក្រាបឧក្រិដ្ឋជនទាំង៦នាក់នេះ ធ្វើឡើងនៅពីរគោលដៅផ្សេងគ្នា ពោលគឺនៅយប់ថ្ងៃទី១៧សីហា បង្ក្រាបបាន៤នាក់ នៅខណ្ឌបឹងកេងកង និង២នាក់ផ្សេងទៀតឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី១៨សីហាឆ្នាំ២០២៣ នៅសណ្ឋាគារធំមួយកន្លែង ក្បែរកោះពេជ្រ រាជធានីភ្នំពេញ។ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ កំពុងដុតដៃដុតជើងចុះស្រាវជ្រាវ ស្វែងរកចាប់ខ្លួនមេក្លោងធំ និងបក្ខពួកជាបន្តទៀត ។

យោងតាមសេចក្តីរាយការណ៍បឋមពីលោក ឆែម សាវុធ អគ្គនាយក ពន្ធនាគារ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី១៧ខែសីហា ឆ្នាំ២០២៣ថា មន្ដ្រីពន្ធនាគារ៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន ឈ្មោះឈិន ហ្ស៊ីនហាន Chen hsin han អាយុ៤៥ឆ្នាំ ជាប់ទោស៥២ឆ្នាំលើករណីគ្រឿងញៀន ទៅគ្លីនិកធ្មេញ ។លុះពេលកំពុងអង្គុយរង់ចាំពេទ្យធ្វើធ្មេញស្រាប់តែមានជនមិនស្គាល់មុខ ៥នាក់ពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធតកាណុងមិនឮសម្លេង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសជាទណ្ឌិតនោះចេញទៅបាត់។ 

ក្រោយពីធ្វើសកម្មភាពរួច ក្រុមជនសង្ស័យដែលជាខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារទាំង៤នាក់នោះ ឱ្យដើរចូលទៅក្នុងបន្ទប់ រួចពួកគេបានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2AA-4315 រត់គេចខ្លួនអស់តែម្ដង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បានបង្ហាញពីអត្តសញ្ញាណលម្អិត របស់ឧក្រិដ្ឋជនទាំង៦នាក់នោះណៅឡើយ ព្រោះកំពុងបន្តស្រាវជ្រាវ ។

ក្រោយមក មានគេរាយការណ៍ថា រថយន្ដដែលក្រុមឧក្រិដ្ឋជនជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោលក្បែរកំពោតព្រៃ ហើយសមត្ថកិច្ចជំនាញក៏ធ្វើការត្រួតពិនិត្យ និងបានប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារសម្រាប់ស្លៀកពាក់ធ្វើសកម្មភាពមួយចំនួនទៀត៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *