ផ្ទុះហ្គាសកក្រើកទាំងព្រឹក ឆេះបុរសជនជាតិចិនម្នាក់

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបាត់បង់ជីវិត ដោយសារឆេះនៅក្បែរចង្ក្រានបាយ ខណៈពេលបើកហ្គាសចម្អិនអាហារពេលព្រឹក ខុសបច្ចេកទេសហើយផ្ទុះឆេះលាន់ឮកក្រើកពេញផ្ទះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៧ព្រឹកថ្ងៃទី១៨ សីហា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេខ ១៦៣៤,១៦៣៥ ផ្លូវណតប្រីដ  ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះដែលឆេះស្លាប់នោះឈ្មោះGUAN PENGZHI ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិនកាន់លិខិតឆ្លងដែនលេខ EA២៧០៥៥៣១៥ ទើបមកប្រទេសកម្ពុជា  កាលពីថ្ងៃទី២ខែសីហា ឆ្នាំ ២០២៣ លេងមិត្តភក្កិនិងរកការងារធ្វើ ហើយស្នាក់នៅផ្ទះកើតហេតុខាងលើ ។

បើតាមនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ បានឱ្យដឹងថា ជនជាតិចិនរូបនោះ ត្រូវភ្លើងឆេះស្លាប់នៅក្បែរចង្ក្រានបាយ បន្ទាប់ពីរូបគាត់បើកហ្គាសចម្អិនអាហារពេលព្រឹក ហើយហ្គាសបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

តាមព័ត៌មានឱ្យដឹងទៀតថា ជនរងគ្រោះទំនងជាមិនឆេះប្រើប្រាស់ហ្គាសនោះទេ ព្រោះនៅមុនពេលកើតហេតុជនរងគ្រោះបានបើកហ្គាសធុងចំណុះ៥គីឡូក្រាមចំនួន៣ធុងចោល រួចក៏បានបើកចង្ក្រានហ្គាសកំប៉ុងតូចថែមទៀតហើយភ្លើងក៏បានឆាបផ្ទុះឆេះលាន់កក្រើកពេញផ្ទះ បណ្តាលឱ្យកញ្ចក់ទ្វារមុខបែកធ្លាក់រាយប៉ាយ ឯជនជាតិចិនរូបនោះឆេះស្លាប់នៅកន្លែងតែម្តង។

នៅក្នុងហេតុការណ៍នោះ មានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងក៏បានទៅអន្តរាគមន៍ ផងដែរ ព្រមទាំងមាននគរបាលមូលដ្ឋាន, នគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និង នគរបាលការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្រ្ត បានចុះទៅត្រួតពិនិត្យសព។

សមត្ថកិច្ចពិនិត្យឃើញថា នៅចង្ក្រានបាយមានធុងហ្គាសចំនួន១៣ធុង ក្នុងនោះមានធុងចំណុះ៥គីឡូក្រាមចំនួន១០ធុងនិង១៥គីឡូក្រាម៣ធុង ត្រូវបានសមត្ថកិច្ច យកចេញមកក្រៅ ។បន្ទាប់ពីធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និង ឆែកឆេរកាមេរ៉ាសុវត្តិភាព សមត្ថកិច្ចឱ្យដឹងថា ជនជាតិចិនរូបនោះ «ពិតជាស្លាប់ដោយសារតែផ្ទុះហ្គាសពិតប្រាកដមែន»៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *