ប៉ូលិសសិង្ហបុរីឃាត់ជនសង្ស័យ១០នាក់ ពាក់ព័ន្ធលុយកខ្វក់ និង រឹបអូសទ្រព្យសម្បត្តិតម្លៃជាង ៧៣៦លានដុល្លារ

សិង្ហបុរី ៖ យោងតាមការចេញផ្សាយដោយសារព័ត៌មានCNAរបស់សិង្ហបុរីកាលពីថ្ងៃព្រហស្បតិ៍ ទី១៧សីហាឆ្នាំ២០២៣បានឱ្យដឹងថា «មានមនុស្សយ៉ាងហោច  ១០នាក់មានសញ្ជាតិផ្សេងៗគ្នាដូចជាស៊ីប តួកគី ចិន កម្ពុជា និងជនជាតិដើមភាគតិចនីវ៉ានូអាទូ ត្រូវបានប៉ូលិសសិង្ហបុរី ចោទប្រកាន់ជាផ្លូវការកាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីការដឹកនាំប្រតិបត្តិការវាយឆ្មក់ផ្ទួនៗគ្នានៅទូទាំងប្រទេសសិង្ហបុរីដើម្បីប្រយុទ្ធ ប្រឆាំងនឹងការលាងលុយកខ្វក់ និងបទល្មើសឆបោក»។

CNAបានបន្តថា មនុស្សទាំង ១០នាក់ខាងលើ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅ នៅឯផ្ទះរបស់ពួកគេក្នុងតំបន់ដូចជា Sentosa Cove, Tangling,Orchard  និង River Valley ។ ប៉ូលិសជាង ៤០០នាក់មកពីស្ថាប័នចម្រុះបានចូលរួមក្នុងកិច្ចប្រតិបត្តិការវាយឆ្មក់ខាងលើ ដើម្បីបង្រ្កាបនូវអ្វី ដែលប៉ូលិសហៅថាជា«កិច្ចប្រតិបត្តិការទ្រង់ទ្រាយធំបំផុតមួយប្រឆាំងនឹងការលាងលុយ និងបទល្មើសឆបោករបស់អាជ្ញាធរសិង្ហបុរី»។

បើតាមប៉ូលិសសិង្ហបុរី ទ្រព្យសម្បត្តិដែលត្រូវបានរឹបអូសក្នុងកិច្ចប្រតិបត្តិការវាយឆ្មក់នេះ គិតជាទឹកប្រាក់ស្មើនឹងជាង៧៣៦លានដុល្លារ ដោយក្នុងនោះរួមមានទាំងរថយន្ដ, គណនីធនាគារ ,លុយសុទ្ធ និង វត្ថុមានតម្លៃជាច្រើនទៀត។ 

ក្នុងចំណោមជនជាប់ចោទដែលត្រូវបានចាប់ខ្លួនទាំង ១០នាក់ខាងលើ មានមនុស្ស ០៣នាក់មានសញ្ជាតិដើមជាជនជាតិដើមចិន ហើយក៏មានសញ្ជាតិខ្មែរផងដែរ។ មនុស្សទាំង ០៣ នាក់នេះមានឈ្មោះដូចជា Su Baolin , Chen Qingyuan Su Wenqiang ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *