រុស្ស៊ីបាញ់ត្រូវចំ ឃ្លាំងគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ខណៈនាវាបរទេសបើកកាត់ តាមច្រករបៀងសមុទ្រខ្មៅ

បរទេស ៖​​ ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា រុស្ស៊ីបានបន្តកំណត់គោលដៅរបស់ខ្លួនបាញ់លើហេដ្ឋារចនាសម្ពន្ធគ្រាប់ធញ្ញជាតិ នៅក្នុងតំបន់អូដេសាភាគខាងត្បូងប្រទេសអ៊ុយក្រែន។

មានដ្រូនជាច្រើនគ្រឿង ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារទាំងយប់លើកន្លែងផ្ទុកទំនិញនិងកំពង់ផែតាមដងទន្លេដានូបេ (Danube) ដែលរដ្ឋាភិបាលក្រុងគៀវបានប្រើប្រាស់កាន់តែខ្លាំងឡើង សម្រាប់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់អឺរ៉ុប បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូ បានហែកចោលកិច្ចព្រមព្រៀងនាំចេញដ៏សំខាន់ក្នុងសម័យសង្គ្រាមកន្លងមក តាមរយៈសមុទ្រខ្មៅ។

ចំណែកនាវាកុងតឺន័រផ្ទុកទំនិញមួយ ដែលជាប់គាំងនៅកំពង់ផែអូដេសា ចាប់តាំងពីការឈ្លានពានពេញទំហឹងរបស់រុស្ស៊ីកាលពីជាង ១៧ ខែមុន បានចេញដំណើរ ហើយកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅ ទៅកាន់ច្រកសមុទ្របូស្ប៉ូរុស (Bosporus) តាមច្រករបៀងបណ្តោះអាសន្ន ដែលបង្កើតឡើងដោយអ៊ុយក្រែនសម្រាប់ការដឹកជញ្ជូនទំនិញ។ ឯសេដ្ឋកិច្ចរបស់អ៊ុយក្រែន ដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសង្រ្គាម គឺពឹងផ្អែកខ្លាំងលើការធ្វើកសិកម្ម។

ចំពោះការនាំចេញកសិផលរបស់ខ្លួន ដូចកសិផលរបស់រុស្ស៊ីដែរ ក៏ជាកត្តាសំខាន់សម្រាប់ការផ្គត់ផ្គង់ពិភពលោកដូចជាស្រូវសាលី ស្រូវបាឡេ ប្រេងផ្កាឈូករ័ត្ន និងអាហារផ្សេងទៀត ដែលប្រទេសកំពុងអភិវឌ្ឍពឹងផ្អែក។

កាលពីខែមុនវិមានក្រឹមឡាំង បានហែកចោលកិច្ចព្រមព្រៀង ដែលសម្របសម្រួលកាលពីរដូវក្តៅមុនដោយអង្គការសហប្រជាជាតិនិងតួកគី ដើម្បីធានាការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនប្រកបដោយសុវត្ថិភាពតាមរយៈសមុទ្រខ្មៅ ហើយរដ្ឋាភិបាលក្រុងគៀវបានព្យាយាមស្តារផ្លូវដឹកជញ្ជូនឡើងវិញតាមរយៈទន្លេដានូបេនិងផ្លូវថ្នល់ព្រមទាំងផ្លូវដែកទៅកាន់អឺរ៉ុប។

តែ​តម្លៃ​ដឹកជញ្ជូន​តាម​វិធី​នោះ​គឺ​ខ្ពស់ខ្លាំងណាស់ បណ្តា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន​បាន​ស្តីបន្ទោស​ចំពោះ​ផល​វិបាក​សម្រាប់​តម្លៃ​គ្រាប់ធញ្ញជាតិ​ក្នុង​ស្រុក និង ​កំពង់ផែតាមដងទន្លេដានូបេ មិន​អាចរ៉ាប់រង​បរិមាណ​ដូច​កំពង់ផែ​សមុទ្រ​បាន​នោះទេ។

លោក អូឡេ គីភើ (Oleh Kiper) អភិបាលក្រុងអូដេសាបាននិយាយថា គោលដៅចម្បងនៃការទម្លាក់គ្រាប់បែកពីដ្រូនរបស់រុស្ស៊ីទាំងយប់ គឺ ស្ថានីយនៅតាមកំពង់ផែ និងឃ្លាំងគ្រាប់ធញ្ញជាតិ រួមទាំងនៅកំពង់ផែនៅតំបន់ដីសណ្ដទន្លេដានូបេផងដែរ ខណៈកងការពារអាកាសអាចស្ទាក់ចាប់ដ្រូនបាន ១៣ គ្រឿង។

ការវាយប្រហារចុងក្រោយបំផុតចំពេលមានការវាយប្រហារតាមអាកាសជាច្រើនសប្តាហ៍ ខណៈរុស្ស៊ីកំណត់គោលដៅលើកំពង់ផែដីតាមតំបន់ដីសណ្តទន្លេដានូបេ ដែលមានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រពីព្រំដែនរ៉ូម៉ានីហើយទន្លេដានូបេគឺជាទន្លេវែងជាងគេទីពីររបស់អឺរ៉ុបនិងជាផ្លូវដឹកជញ្ជូនដ៏សំខាន់៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *