មនុស្សប្រុសស្រីច្រើននាក់រងរបួស ក្នុងករណីបុរសម្នាក់បើករថយន្ដស៊េរីទំនើបបុករះ

ភ្នំពេញ ៖ មនុស្សប្រុសស្រីជាច្រើននាក់ រងរបួសធ្ងន់ស្រាល ក្នុងករណីបុរសម្នាក់បើករថយន្ដស៊េរីទំនើបម៉ាកឡិចស៊ីស570 បុករថយន្ដម៉ាកឡិចស៊ីស NX200T បណ្ដាលឱ្យនារីម្នាក់រងរបួសបាក់ជើងម្ខាង ហើយព្យាយាមបើករត់គេចតែត្រូវបានអ្នកឃើញហេតុការណ៍ជិះម៉ូតូតាមឃាត់ ហើយត្រូវបុរសអ្នកបើករថយន្ដបង្កបើកកៀបណ្ដាលអោយដួលរងរបួសធ្ងន់ស្រាលជាបន្ដបន្ទាប់។

ហេតុការណ៍បង្កគ្រោះថ្នាក់ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃពុធ ទី១៦ ខែសីហាឆ្នាំ២០២៣ តាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងបើតាមប្រភពពីជនរងគ្រោះដែលជួយដេញឃាត់ រថយន្ដបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញនារីពីរនាក់ឡើងជិះរថយន្ដឡិចស៊ីស NX200T ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BR-4866 ដែលនៅខាងស្ដាំដៃ ។ស្រាប់តែមានបុរសម្នាក់បើករថយន្ដស៊េរីទំនើបម៉ាកឡិចស៊ីស570 ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BG-9889 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៩ ក្នុងទិសដៅពីជើងទៅត្បូង ។

លុះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករថយន្ដម៉ាកឡិចស៊ីសNX200T ពេញទំហឹងបណ្ដាលឱ្យរថយន្ដរងការខូចខាតយ៉ាងដំណំ ឯនារីម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យ។

ក្រោយពីបើកបុកឱ្យមានអ្នករងរបួសហើយ អ្នកបើករថយន្ដបង្កមិនបានឈប់ចរចាជាមួយភាគីរងគ្រោះនោះទេ បែរជាព្យាយាមបើករត់គេច ហើយអ្នកដែលបានឃើញហេតុការណ៍ បានជិះម៉ូតូដេញឃាត់រហូតមកដល់ផ្លូវលេខ៥៩៨ ហើយបុរសបើករថយន្ដស៊េរីទំនើបកៀរបណ្ដាលឱ្យដួលម៉ូតូបីគ្រឿងនិងមានអ្នករងបួស៤នាក់ថែមទៀតហើយបុរសរូបនោះព្យាយាមបើក រត់គេចរហូតដល់ស្ពានអាកាស៧មករា ក៏បត់ចូលស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកនៅក្បែរនោះ រួចចុះពីរថយន្ដគេចបាត់។

ក្រោយពីកើតហេតុក៏មាននគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ បានស្ទូចរថយន្ដទាំងពីរនិងម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *