បុរសម្នាក់បើកម៉ូតូលឿនដល់ផ្លូវកោងមិនប្រយ័ត្ន ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបើកម៉ូតូលឿនដល់ផ្លូវកាងមិនប្រយ័ត្នកាច់ចង្កូតមិនទាន់បណ្ដាលឱ្យបុករបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង កើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហាឆ្នាំ ២០២៣ត្រង់ចំណុចស្ថានីយ៍បូមទឹក២៧៣ តាមបណ្ដោយផ្លូវទំនប់ទួលគោក ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះសុះ យូកូប អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរធ្វើការនៅធនាគារស្នាក់នៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅឃុំពារនី ស្រុកកំពង់ត្រឡាច ជិះម៉ូតូម៉ាកSUZUKI SMASH ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពង់ឆ្នាំង1I-9900 ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញបុរសម្នាក់ជិះម៉ូតូស្មាស់វី តាមបណ្តោយផ្លូវទំនប់ទួលគោកទិសដៅពីកើតមកលិចយ៉ាងលឿន,ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផង បើកលឿនផងបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យដួលបោកក្បាលនឹងរបាំងថ្មបាក់ក៏ បែកមុខ បាត់បង់ជីវិតភ្លាមៗតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌឫស្សីកែវ,ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *