មុខសញ្ញាឆក់ទ្រព្យសម្បត្តិពលរដ្ឋតាមដងផ្លូវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ បង្ក្រាបបាន២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ក្នុងទឹកដីខណ្ឌចំការមន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបបាន២នាក់កាលពីពេលថ្មីៗកន្លងទៅនេះ ហើយបានបង្ហាញមុខជាសាធារណៈ នាថ្ងៃទី១៥សីហាឆ្នាំ២០២៣ មុនពេលបញ្ជូនឡើងតុលាការ ។

សមត្ថកិច្ចនិយាយថា លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានដឹកនាំកម្លាំងចុះល្បាតតាមដងផ្លូវ២៧១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌចំការមន នៅថ្ងៃទី១៤ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទីរសៀល ក៏ប្រទះឃេីញជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង បានធ្វេីសកម្មភាព ឆក់ខ្សែករបុរសរងគ្រោះម្នាក់ឯង ដែលកំពុងជិះម៉ូតូបានសម្រេច។

សមត្ថកិច្ចបន្តថា ភ្លាមនោះកម្លាំងនគរបាលជំនាញការិយាល័យ បានប្រដេញ និងឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រួមមាន ១-ឈ្មោះ ឡុង ចាន់ឡេង ហៅឈី អាយុ១៧ឆ្នាំមុខរបរដឹកជញ្ជូន ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមអំពិល សង្កាត់ច្បារអំពៅទី១ អ្នកបើកម៉ូតូ និងឆក់និង២-ឈ្មោះ យឿន សម្បត្តិ ហៅស្រ៊ុន អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីកន្លែងស្នាក់នៅផ្ទះលេខ២៩ស ផ្លូវ៣៦៧ ភូមិបាក់ក្លឿ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ អ្នកជិះខាងក្រោយ។

សម្ភារដកហូតមាន ម៉ូតូចំនួន១គ្រឿង ម៉ាក Honda dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខភ្នំពេញ1IS-4388 និង សម្ភារមួយចំនួនទៀត។ 

បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *