ចោរអស់លក្ខណ៍៤នាក់ ត្រូវបាននគរបាលស្រុកគិរីវង់ បង្ហាញមុខ

តាកែវ ៖ ថ្មីៗនេះ នគរបាលស្រុកគិរីវង់ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់ លួចម៉ូតូច្រើនលើក នៅភូមិសាស្ត្រខេត្តតាកែវ និង រាជធានីភ្នំពេញ ហើយបានបង្ហាញមុខកាលពីថ្ងៃទី១៥សីហាឆ្នាំ២០២៣ ។

សមត្ថកិច្ចនិយាយថាបផ្អែកទៅតាមការកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាព និងការផ្តល់ព័ត៌មានពីជនរងគ្រោះព្រមទាំងតាមការប្រមូលព័ត៌មានពីជំនាញក៏ដូចជាតាមបណ្តាប៉ុស្តិ៍រដ្ឋបាលបានផ្តល់មកនៅវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញចេញល្បាតក្នុងភូមិសាស្រ្ត និងឃាត់ខ្លួនជនសង្ស័យ៤នាក់ ។

សមត្ថកិច្ចបន្តថា ជនសង្ស័យ៤នាក់រួមមាន ២-ឈ្មោះសឿន ថុនា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងមូលដ្ឋានស្រុកគិរីវង់ដែលសមត្ថកិច្ចកំពុងតាមដាន ,២-ឈ្មោះ គួន លីដា ហៅ អ៊ុយក្រែន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិទួលពង្រ ឃុំសោម ស្រុកគិរីវង់ ជាមុខសញ្ញាលួចយ៉ាងសកម្ម, ៣-ឈ្មោះ អ៊ុំ គីមហ័ង ភេទស្រី អាយុ១៤ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាស្រីស្នេហ៍របស់ជនសង្ស័យឈ្មោះ សឿនថុនានិង ៤-ឈ្មោះ ហ៊ុន សុផានិតអាយុ២២ឆ្នាំ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ។

បន្ទាប់មក សមត្ថកិច្ចបានសុំការអនុញ្ញាតពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ដើម្បីសុំឆែកឆេរផ្ទះជនសង្ស័យពេលឆែកឆេរ ឃើញមានវត្ថុតាងពាក់ព័ន្ធបទល្មើសជាច្រើនរួមមានដូចជា ស្លាកលេខម៉ូតូមានចំនួន០៧ ស្លាកលេខ ,ប្រដាប់កាច់សោក ម៉ូតូ និងប្រដាប់ឆ្កឹះសោផ្ទះ កាមេរ៉ាសុវត្ថិភាពចំនួន៤ គ្រាប់និងសម្ភារសម្រាប់កែច្នៃម៉ូតូមួយចំនួន ព្រមទាំងសំបកទូរសព្ទមួយចំនួនធំទៀត។ 

ជនសង្ស័យឈ្មោះសឿន ថុនា បានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពបទល្មើសដូចជា ១-ធ្លាប់លួចម៉ូតូនៅរាជធានីភ្នំពេញបាន២ករណី មិនចាំថ្ងៃជាមួយជនសង្ស័យឈ្មោះ ដា ហៅអ៊ុយក្រែន,២-លួចម៉ូតូថ្ងៃទី០៤ ខែសីហាឆ្នាំ២០២៣នៅចំណុចភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ វេលាម៉ោង០៣និង៥០នាទីជាមួយឈ្មោះដា ហៅអ៊ុយក្រែន, ៣-លួចម៉ូតូថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅភូមិព្រៃធំ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ និង បានគាស់ហាងលក់ទូរសព្ទដៃវេលាម៉ោង១២យប់ ដោយលួចជាមួយឈ្មោះដា ហៅអ៊ុយក្រែន ដដែល ។

ចំណែកជនសង្ស័យឈ្មោះ គួន លីដា ហៅ អ៊ុយក្រែន, ឈ្មោះ អ៊ុំ គីមហ័ង និង ឈ្មោះ ហ៊ុន សុផានិត ខាងលើ បានឆ្លើយសារភាពថា«ខ្លួនពិតមានការពាក់ព័ន្ធជាមួយឈ្មោះ សឿន ថុនា  ក្នុងករណីលួចកន្លងមកពិតប្រាកដមែន»។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធនិងកសាងសំណុំរឿងតាមនីតិវិធី៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *