យោធាអ៊ុយក្រែននិយាយថា«បានវាយបណ្តេញកងកម្លាំងរុស្ស៊ីក្បែរក្រុងបាឃ្មុត»

បរទេស ៖​​ មន្ត្រីយោធាជាន់ខ្ពស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃចន្ទថា «ខ្លួនបានរុញច្រានកងកម្លាំងរុស្ស៊ីចេញពីទឹកដីមួយផ្នែកតូច នៅតាមបណ្តោយសមរភូមិជួរមុខនៅភាគខាងកើតនិងភាគខាងត្បូងប្រទេស ដែលនេះជាការពង្រឹងមួយលើការវាយលុកដ៏ឃោរឃៅដែលបានធ្វើឡើងកាលពីពីរខែមុន»។

ជ័យជម្នះ ដែលប្រកាសដោយអនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែននេះ បានកើតឡើង ខណៈរុស្ស៊ីបានអះអាងថាកងកម្លាំងរបស់ខ្លួនកំពុងមានវឌ្ឍនភាពនៅក្នុងតំបន់ទីក្រុងខាគីវ (Kharkiv) ភាគខាងកើត ដោយបំផ្លាញចោលនូវយុទ្ធនាការដែលគេរំពឹងទុកយ៉ាងខ្លាំងរបស់រដ្ឋាភិបាលក្រុងគៀវ។

យោធាអ៊ុយក្រែនបានចាប់ផ្តើមការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ីកាលពីខែមិថុនា បន្ទាប់ពីបានបង្កើតកងវរសេនាតូចវាយប្រហារជាច្រើន និងស្តុកទុកអាវុធដែលបរិច្ចាគដោយលោកខាងលិច។

ប៉ុន្តែរដ្ឋាភិបាលក្រុងគៀវបានទទួលស្គាល់ថា ការសម្រុកទៅមុខប្រឆាំងនឹងទីតាំងដែលមានលេណដ្ឋានការពារយ៉ាងរឹងមាំរបស់រុស្ស៊ី មានភាពយឺតយ៉ាវហើយបាននិយាយថា «ខ្លួនដណ្តើមបានដីតិចតួចប៉ុណ្ណោះជុំវិញទីក្រុងបាឃ្មុតកាលពីសប្តាហ៍មុន»។

លោកស្រី ហ្គានណា ម៉ាលីយ៉ា (Ganna Malyar) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ទូរទស្សន៍រដ្ឋថា «នៅក្នុងផ្នែកនៃទីក្រុងបាឃ្មុត ទឹកដីបីគីឡូម៉ែត្រការ៉េត្រូវបានរំដោះកាលពីសប្តាហ៍មុន ។ កងកម្លាំងអ៊ុយក្រែនបានវាយដណ្តើមយកមកវិញនូវទឹកដី ៤០ គីឡូម៉ែត្រការ៉េនៅទីនោះចាប់តាំងពីខែមិថុនា»។

លោកស្រីបានពន្យល់ថា កងកម្លាំងអ៊ុយក្រែនត្រូវបានបង្វែរចេញពីប្រតិបត្តិការវាយលុកជុំវិញទីក្រុង ដែលដណ្តើមបានដោយកងកម្លាំងរុស្ស៊ីកាលពីខែឧសភា ដោយលើកឡើងពីការសម្ពាធខ្លាំងពីរុស្ស៊ី នៅក្នុងតំបន់ខាគីវ។

លោកស្រីម៉ាលីយ៉ា បន្តថា «វាមានសារៈសំខាន់សម្រាប់សត្រូវក្នុងការបង្វែរកម្លាំងរបស់យើងទៅកាន់ទិសដៅផ្សេងទៀត ដូច្នេះយើងមិនអាចប្រមូលផ្តុំកម្លាំងរបស់យើងសម្រាប់ការវាយលុកក្នុងតំបន់បាឃ្មុតបានទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *