ឃាត់បុរសចិន២នាក់ ដែលចាប់បុរសចិនម្នាក់ ជំរិតទារប្រាក់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ បុរសចិន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីចាប់បុរសចិនម្នាក់រុញឡើងឡាន ដើម្បីជំរិតទារប្រាក់បណ្តាលឱ្យជនរងគ្រោះរងរបួសត្រង់កធ្ងន់ធ្ងរ ហើយជនសង្ស័យម្នាក់ចំណោម២នាក់ រងរបួសជើងឆ្វេងដោយសារសមត្ថកិច្ចផ្ទុះអាវុធផ្លាតត្រូវ ។

សមត្ថកិច្ចនិយាយថា នៅថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៦ព្រឹក មានប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា «នៅចំណុចម្តុំពយកំពេញចាស់ ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់៣ ក្រុង–ខេត្តព្រះសីហនុមានក្រុមសង្ស័យមានគ្នា២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ បុរសជនជាតិចិនម្នាក់ ចូលក្នុងរថយន្ត»។

សមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណរថយន្តដែលជនសង្ស័យជិះធ្វើសកម្មភាព។ភ្លាមនោះកម្លាំងជំនាញយើងបានធ្វើការជិះដេញតាមរថយន្តរបស់ជនសង្ស័យ ,លុះដល់ចំណុច ស្ថានីយ៍ប្រេង សូគីមិច ផ្សារលើ ស្ថិតក្នុង ភូមិ២ សង្កាត់៤ ក្រុង–ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបើកទៅបុកម៉ូតូរបស់ប្រជាពលរដ្ឋកំពុងបើកបរបណ្តាលឱ្យរងរបួសបុរសម្នាក់ ។

បន្ទាប់មក រថយន្តរបស់ជនសង្ស័យបានបន្តបើករត់គេចខ្លួនទៀត លុះដល់ចំណុច មុខផ្សារលើ ស្ថិតក្នុងភូមិ២ សង្កាត់៤ក្រុង–ខេត្តព្រះសីហនុ រថយន្តរបស់ជនសង្ស័យបានបន្តបុករថយន្ត១គ្រឿងទៀត ម៉ាក Lexus 570 ពណ៌ស បណ្តាលឱ្យខូចខាតគូថរថយន្ត ហើយកម្លាំងសមត្ថកិច្ចយើងធ្វើការស្ទាក់រថយន្តរបស់ជនសង្ស័យបានភ្លាមនោះជនសង្ស័យ២នាក់បានចុះពីរថយន្ត រត់គេចខ្លួនចែកផ្លូវគ្នា ដោយមាន១នាក់សៀតអាវុធខ្លី១ដើមនៅចង្កេះរត់ចូលក្នុងផ្សារ និង១នាក់ទៀតក្នុងដៃមានកាន់កូនកាំបិតចុងស្រួច១ដើមរត់ទៅតាមផ្លូវកៀនផ្សារ ។

ពេលនោះកម្លាំងសមត្ថកិច្ចបានដេញប្រផាប់ចាប់ប្រភីង រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ដែលមានអាវុធខ្លី,ចំណែកជនសង្ស័យ១នាក់ទៀតដែលកាន់កូនកាំបិតចុងស្រួច បានយកកូនកាំបិតចុងស្រួចមកដេញចាក់លើសមត្ថកិច្ច។ភ្លាមនោះកម្លាំងសមត្ថកិច្ចយើងបានធ្វើការផ្ទុះអាវុធ២គ្រាប់ទៅលើដីដើម្បីគំរាមជនសង្ស័យ តែគ្រាប់បានផ្លាតទៅចំនឹងជើងខាងឆ្វេងរបស់ជនសង្ស័យ ។

បន្ទាប់មក កម្លាំងសមត្ថកិច្ចបាននាំជនរងគ្រោះម្នាក់ ភេទប្រុស ជនជាតិចិន (រងរបួសកធ្ងន់ធ្ងរ) បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីព្យាបាលរបួស នៅមន្ទីរពេទ្យ ។ ចំណែកជនសង្ស័យ០២នាក់ ភេទប្រុស ជនជាតិចិនរបួសជើង(មានម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ)។

សម្ភារវត្ថុតាងចាប់យកបាន រថយន្ត ១គ្រឿង ម៉ាក Mercedes C300 ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KLK.9898 ជាមធ្យោបាយជិះធ្វើសកម្មភាព, អាវុធខ្លី ១ដើម ម៉ាក K59 ពណ៌ខ្មៅ លេខសម្គាល់គ្មាន (បង់ ១ មាន ៣គ្រាប់) ជាអាវុធធ្វើសកម្មភាពភ្ជង់ជនរងគ្រោះ, កូនកាំបិតចុងស្រួច ០១ដើមមានប្រឡាក់ឈាមរបស់ជនរងគ្រោះ,ទូរសព្ទដៃ ២គ្រឿង,លិខិតឆ្លងដែន ២ក្បាល ,កាតរឹង ២សន្លឹក ,កាបូបក្រវាត់ចង្កេះមួយ, នាឡិកាដៃ ២គ្រឿង និង ខ្សែ ១ខ្សែ ។

បច្ចុប្បន្នករណីខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកំពុងសួរនាំជនសង្ស័យ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *