មុខរបរជីកត្បូងរបស់បងប្អូនជនជាតិដើមភាគតិច ជាប្រពៃណីតាំងពីដូនតា

រតនគិរី ៖ ពលរដ្ឋជាជនជាតិដើមភាគតិច ដែលរស់នៅក្នុងខេត្តរតនគិរី មាន ៨ជនជនជាតិដើម ហើយមុខរបរពួកគាត់អាស្រ័យទៅតាមតំបន់នីមួយៗ ប្រហាក់ប្រហែលគ្នា ដូចជា ការដាក់អន្ទាក់ បរបាញ់សត្វ ធ្វើចម្ការវិលជុំ និងមុខរបរជីកត្បូង។

ថ្ងៃនេះBBNសូមលើកយក ពីជីវភាពរស់នៅ របស់បងប្អូនជនជាតិដើមភាគតិចទាំងឡាយក្នុងស្រុកបរកែវ ដែលប្រកបមុខរបរជីកត្បូង ដើម្បីចិញ្ចឹមជីវិត។

ព្រោះតែមុខរបរជីកត្បូង ជាតំណរតាំងពីដូនតាមក ធ្វើឲ្យជីវភាពពួកគាត់រកមួយថ្ងៃ រស់បានមួយថ្ងៃ។ រាល់ថ្ងៃជីវភាពពួកគាត់ គឺដីប្រឡាក់តាំងពីចុងជើងរហូតដល់ក្បាល ដែលជារឿងធម្មតារបស់ពួកគាត់ទៅហើយ បើទោះជាពួកគាត់ដឹងថា មុខរបរនេះខុសច្បាប់យ៉ាងណាក៏ដោយ។

បើយោងតាមការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋជនជាតិដើមភាគតិចទំពួន រស់នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវបានត្អូញត្អែរពីជីវភាព និងការរស់នៅរបស់ពួកគាត់ថា «គាត់ជីកក្នុងមួយថ្ងៃ លក់ត្បូងបានប្រាក់តែ ១៥០០០រៀលទៅ៣០០០០រៀលហើយក៏គ្មានកុងសែត្បូងណាពិតប្រាកដទេ។អ្នកណាមកមុនលក់ឲ្យអ្នកនោះតែប៉ុណ្ណោះ ដើម្បីយកលុយទិញអង្ករ អំបិល ប៊ីចេង តែប៉ុណ្ណោះ»។

 កន្លងមកទោះបីជាអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធមកណែនាំ ហាមឃាត់មិនឱ្យពួកគាត់ ជីកកោះកកាយដី តាមព្រៃព្រឹក្សាក្នុងចម្ការ ឬជ្រលងដងអូរ ដើម្បីស្វែងរករកត្បូងយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែខំលួចលាក់ ជីកកកាយដី ចុះក្នុងរណ្តៅ ទាំងប្រថុយគ្រោះថ្នាក់គ្រប់យ៉ាង ដើម្បីបានប្រាក់មកដោះស្រាយជីវភាពរស់នៅរបស់ពួកគាត់។ 

ពួកគាត់បានបន្តថា ម្យ៉ាងវិញទៀត ពួកគាត់មិនហ៊ានចំណាកស្រុកទៅរកការងារធ្វើនៅស្រុកគេទេ ដោយសារពួកគាត់ខ្លាចគេបោកប្រាស់ ហើយបែកម៉ែឪ បែកពីប្រពន្ធកូន ម្ល៉ោះហើយមានតែរស់នៅតាមជីវភាពជីកត្បូងប្រចាំថ្ងៃនេះ គ្មានជំរើសណាក្រៅពីជីកកោះកាយដីរកត្បូងនេះឡើយ។ 

ពួកគាត់ក៏ដឹងដែរថា ការជីកកោះកាយដី រកត្បូងធម្មជាតិនេះ គឺខុសច្បាប់ តែពួកគាត់ក៏មិនមានជំរើស ពួកគាត់គ្រាន់តែចង់រស់តាមបែបជីវភាព របស់ពួកគាត់តាំងពីដូនតាមកតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ជុំវិញការផ្សាយខាងលើនេះ អង្គភាពBBNយើងខ្ញុំ មិនមានគោលបំណងបន្ទុចបង្អាក់ ជំនាញពាក់ព័ន្ធក្នុងការអនុវត្ថច្បាប់នោះទេ។ អង្គភាពយើងខ្ញុំ គ្រាន់តែងផ្សាយលាតត្រដាងធាតុពិត ពីជីវភាព ទុក្ខលំបាក របស់បងប្អូនជនជាតិដើមភាគតិច ដែលប្រកបមុខរបរជីកត្បូងតែប៉ុណ្ណោះ៕ (ដោយ ៖ ចាបសំអាន)

Leave a Reply

Your email address will not be published. Required fields are marked *