គម្រាមអតីតគូរស្នេហ៍ ថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយ

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យមួយរូបពាក់ព័ន្ធនឹងការគម្រាមនារី ដែលជាអតីតគូរស្នេហ៍ចាស់របស់ខ្លួន ថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយ ដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា ។ 

ប្រតិបត្តការណ៍នេះធ្វើឡើង ក្រោមការសម្របសម្រួលពី លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានចុះទៅឃាត់ខ្លួនជនសង្ស័យភ្លាមៗ ក្រោយពីជនសង្ស័យរូបនេះ បានគម្រាមកំហែងជនរងគ្រោះ ជាច្រើនលើកច្រើនសារថា នឹងបង្ហោះចែកចាយរូបភាព វីដេអូអាក្រាតកាយរបស់ជនរងគ្រោះ តាមបណ្តាញសង្គមនានា ប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន ។ 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ។ 

ទន្ទឹមនឹងករណីនេះ តាំងនាមឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាល ជាមួយដៃគូស្នេហា ដែលទង្វើរនេះជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យ នៃការប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លូរធ្ងន់ធ្ងរ ប្រសិនបើរូបភាពទាំងនោះបាន បែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ង អាក្រក់ពីភាគីណាមួយ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *