ផឹកមិនប្រមាណខ្លួន បើកលឿនពេករថយន្តដេកផ្ងារលើផ្លូវ

ភ្នំពេញ ៖ បុរសស្រវឹងស្រាម្នាក់បានបើករថយន្តលឿនពេក ខណៈដល់ផ្លូវកោងមិនប្រយ័ត្នជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឱ្យបាក់អស់មួយកង់ ហើយរថយន្តក៏រេចង្កូតមកស្ដាំដៃជ្រុលទៅបុកជញ្ជាំងរបងច្រកចូលផ្ទះក្រឡាប់ផ្ងារកង់ឡើងលើនៅមុខផ្ទះជាពលរដ្ឋ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចមុខវិទ្យាល័យជាស៊ីម សាមគ្គី ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

យោងតាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាក TOYOTA VIOS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-4356 បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិច មកកើតយ៉ាងលឿន ,ខណៈមកដល់ចំណុចកើតហេតុខាងលើ ដោយសារតែផ្លូវកោងផងគួបផ្សំនឹងល្បឿនលឿនផង មិនប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់មួយកង់ហើយរថយន្តក៏រេចង្កូតមកស្ដាំដៃទៅបុកជញ្ជាំងរបងច្រកចូលផ្ទះប្រជាពលរដ្ឋ បណ្ដាលឱ្យក្រឡាប់ផ្ងារកង់ឡើងលើ ។ ភ្លាមៗគេឃើញអ្នកបើកបរបានលូនចេញពីក្នុងរថយន្តមានសភាពស្រវឹងស្រា ហើយក៏បានចាកចេញពីកន្លែងកើតហេតុ បាត់តែម្តង។

ក្រោយពីកើតហើយសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *