បុរសម្នាក់បានរត់ធ្លាក់ទឹកបោកក្បាលលើដើមឈើ ខណៈនគរបាលខេត្តកំពង់ធំចុះបង្រ្កាបគ្រឿងញៀន

កំពង់ធំ ៖ បុរសម្នាក់បានបាត់បង់អាយុជីវិត ដោយសារការភ័យស្លន់ស្លោរត់ធ្លាក់ទឹក  ហើយបានបាត់ខ្លួនជាច្រើនថ្ងៃរហូតសាកសពស្អុយអណ្តែតទឹក ទើបមានប្រជាពលរដ្ឋប្រទះឃើញ ព្រមទាំងបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចុះពិនិត្យសាកសព នៅចំណុចភូមិថ្មី ឃុំសាគ្រាម ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា  កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ មានហេតុការណ៍កម្លាំងនគរបាលខេត្តកំពង់ធំ ចុះបង្រ្កាបក្រុមអ្នកញៀនថ្នាំ នៅទីតាំងភូមិឃុំខាងលើ បានធ្វើសកម្មភាពដេញចាប់ប្រផាត់ប្រភីង បានធ្វើឱ្យអ្នកញៀនថ្នាំ៥នាក់ត្រូវបានចាប់ខ្លួន ក្រោយមកអ្នកសេពថ្នាំទាំងនេះ ត្រូវបានដោះលែងវិញដោយបានដោះស្រាយតាមនីតិវិធីរបស់សមត្ថកិច្ច  ដែលធ្វើឱ្យអ្នកញៀននៅតែប្រើប្រាស់ដដែល។

ប្រភពពីប្រជាពលរដ្ឋបានទម្លាយថា ករណីបង្រ្កាបអ្នកសេពគ្រឿងញៀននេះ បានធ្វើឱ្យមានមនុស្សស្លាប់ម្នាក់បានកើតឡើង ដែលគេស្គាល់ថា ជនរងគ្រោះឈ្មោះ ធៀង ផា អាយុ២៥ឆ្នាំ ភេទប្រុស មានប្រពន្ឋ រស់នៅក្នុងភូមិឃុំខាងលើ ក្នុងចំណោមអ្នកញៀនថ្នាំដែលត្រូវបានរត់រួចខ្លួន តែត្រូវបានធ្លាកទឹកស្លាប់ កាលពី៥ថ្ងៃមុន ខណៈនគរបាលខេត្តកំពង់ធំ ចុះបង្ក្រាបគ្រឿងញៀន ដេញចាប់ក្រុមអ្នកសេពគ្រឿងញៀនមានគ្នា ៦  នាក់ ។ តែជនរងគ្រោះបានរត់រួចក្នុងនោះត្រូវបានប្រភពទម្លាយថា តែក្រុមអ្នកញៀនថ្នាំញៀនទាំងនេះ ត្រូវបានដោះលែងឲ្យមកផ្ទះវិញអស់ហើយ ។

ប៉ុន្តែហេតុការណ៍នេះ មានបុរសម្នាក់ដែលបានរត់រួចខ្លួន បានខំប្រឹងរត់រហូតធ្លាក់ទឹកបឹងអូរអង្គរ ដើម្បីឱ្យរួចផុតពីការតាមចាប់ខ្លួន របស់ក្រុមអ្នកបង្ក្រាបគ្រឿងញៀន តែកម្មអកុសល ដោយការភ័យស្លន់ស្លោនឹងការតាមដេញចាប់រហូតដល់ធ្លាក់ចូលទឹកបោកក្បាលលើដើមឈើ រហូតដល់បាត់បង់ជីវិត, លុះដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយមកត្រូវបានរកសាកសពឃើញ ប៉ុន្តែសាកសពមានភាពហើមស្អុយរលួយមើលស្ទើរពុំយល់អស់ទៅហើយ ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *