បវរកញ្ញាចក្រវាលឥណ្ឌូនេស៊ីមួយក្រុម ប្តឹងដល់ប៉ូលិសជុំវិញរឿងអាស្រូវ

បរទេស ៖ មេធាវីរបស់ក្រុមបវរកញ្ញាចក្រវាលឥណ្ឌូនេស៊ីបាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា បេក្ខនារី ៦ រូបនៃកម្មវិធីប្រឡងបវរកញ្ញាចក្រវាលឥណ្ឌូនេស៊ីបានដាក់ពាក្យបណ្តឹងទៅដល់ប៉ូលិស ដោយចោទប្រកាន់អ្នករៀបចំពីបទ«បៀតបៀនផ្លូវភេទ»បន្ទាប់ពីពួកនាងបានចោទប្រកាន់ថា «ពួកនាងបានទទួលរងនូវ ការត្រួតពិនិត្យរាងកាយដោយគ្មានអាវទ្រនាប់»។

ប៉ូលិស​បាន​បញ្ជាក់​ថា «បេក្ខនារីបាន​ដាក់ពាក្យបណ្តឹង ​ហើយរឿងនេះ​នឹង​ត្រូវ​បើកការស៊ើបអង្កេត»។ បេក្ខនារី​នៃ​កម្មវិធី​ប្រឡងបវរកញ្ញាចក្រវាល​ឥណ្ឌូណេស៊ី ដែល​ប្រារព្ធ​ធ្វើ​នៅ​រដ្ឋធានី​ហ្សាការតា​កាលពី​ថ្ងៃ​ទី ២៩ ខែ​កក្កដា ដល់​ថ្ងៃ​ទី ៣ ខែ​សីហា បាន​និយាយ​ថា អ្នក​រៀបចំ​បាន​ស្នើឱ្យ​ពួកនាង៥នាក់​ស្រាតទុកតែខោទ្រនាប់ដើម្បី​ពិនិត្យ​រាងកាយ​ក្នុង​បន្ទប់​មួយ​ដែល​មាន​មនុស្ស​ជាង ២០ នាក់ រួម​ទាំង​បុរសៗ។

ចំណែកមេធាវីរបស់ពួកនាងគឺលោកស្រី មែលលីសា អាងហ្គ្រែនី (Mellisa Anggraeni) បាននិយាយថា «បេក្ខនារីទាំង៥នាក់នោះត្រូវបានគេថតរូបដោយគ្មានអាវទ្រនាប់»ដោយបន្ថែមថា«មិនចាំបាច់ត្រួតពិនិត្យដល់ថ្នាក់នេះទេ»។លោកស្រី​បាន​និយាយ​ថា បេក្ខនារី​ចំនួន ៦ នាក់​បាន​ដាក់​ពាក្យ​បណ្តឹង។

អ្នកប្តឹងម្នាក់បានប្រាប់សន្និសីទសារព័ត៌មាន ដែលផ្សាយដោយទូរទស្សន៍ Kompas TV ថា នាងត្រូវបានគេស្នើសុំឈរថតរូបកាច់រាងមិនសមរម្យ រួមទាំងការកន្ធែកជើងទៀតផង។ បេក្ខនារីមិនបញ្ចេញឈ្មោះនោះបាននិយាយថា «ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ស្រាតឱ្យគេ​មើល។ ខ្ញុំ​មាន​អារម្មណ៍​ច្របូកច្របល់និង​មិន​ស្រួលក្នុងចិត្ត។ទូរទស្សន៍នោះបានដាក់រូបភាពព្រិលៗលើមុខនាង»

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានព្យាយាមទាក់ទងក្រុមហ៊ុន ដែលគ្រប់គ្រងកម្មវិធីប្រឡងបវរកញ្ញាចក្រវាលឥណ្ឌូនេស៊ី PT Capella Swastika Karya និងស្ថាបនិកក្រុមហ៊ុនគឺលោកស្រី ប៉ុបពី កាប៉ែលឡា (Poppy Capella) តាមរយៈគណនីបណ្តាញសង្គមរបស់ពួកគេ «ប៉ុន្តែពួកគេមិនបានឆ្លើយតបទេ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *