បរទេស ៖ លោកអេឡុនម៉ាសបានបង្ហោះថា «ការប្រយុទ្ធរវាងហ្សាក់និងម៉ាសនឹងត្រូវផ្សាយផ្ទាល់នៅលើ X។ ចំណូលទាំងអស់នឹងទៅអង្គការសប្បុរសធម៌សម្រាប់អតីតយុទ្ធជន»។
លោក អេឡុន ម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យថា «ការប្រកួតក្នុងទ្រុង ដែលគាត់និងនាយកប្រតិបត្តិ Meta លោក ម៉ាក ហ្សាក់ឃើបឺក ហាក់បានយល់ព្រមធ្វើឡើងដើម្បីរៃអង្គាសប្រាក់ នឹងត្រូវរៀបចំផ្សាយផ្ទាល់នៅលើ X ដែលពីមុនត្រូវគេស្គាល់ថា Twitter ដែលគាត់ជាម្ចាស់»។
ចំណែកលោកហ្សាក់ឃើបឺក បានវាយបកវិញនៅលើ Threads ដែលជាកម្មវិធីថ្មីដែលគាត់បានបើកដំណើរការកាលពីខែមុនដើម្បីប្រជែងជាមួយ Twitter ដោយនិយាយថា «គាត់បានត្រៀមខ្លួនរួចរាល់ហើយ»។
លោកបានបន្ថែមថា តើយើងមិនគួរប្រើវេទិកាដែលគួរឱ្យទុកចិត្តជាងនេះទេ ដែលពិតជាអាចរៃអង្គាសប្រាក់សម្រាប់អង្គការសប្បុរសធម៌? ក្នុងការដៀមដាមលើបញ្ហាប្រឈមជាច្រើន ដែលវេទិការបស់លោកម៉ាសបានជួប ចាប់តាំងពីគាត់បានចូលកាន់តំណែងកាលពីឆ្នាំមុន។
ចំពោះសហគ្រិនមហាសេដ្ឋីទាំងពីររូប ដែលកាលពីមុនមិនធ្លាប់ប៉ះសម្តីគ្នានោះ បានក្លាយគូប្រជែងផ្ទាល់ បន្ទាប់ពីMeta របស់ហ្សាក់ឃើបឺក បានចាប់ផ្តើមបើកវេទិកាដូច Twitter របស់ខ្លួនកាលពីដើមខែកក្កដា ដោយទាក់ទាញអ្នកប្រើប្រាស់បាន ១២០ លាននាក់យ៉ាងរហ័ស ។ នេះបើយោងតាម Quiver Quantitative ។
បន្ទាប់មក លោកម៉ាសបានបង្ហោះនៅលើ X ថា «ខ្ញុំនឹងឡើងប្រកួតក្នុងទ្រុងប្រសិនបើគាត់ចង់»គឺដោយសំដៅលើទម្រង់នៃសិល្បៈក្បាច់គុនចម្រុះ ដែលអ្នកប្រដាល់ជាគូប្រជែងប្រើប្រាស់បច្ចេកទេសផ្សេងៗគ្នា ដូចជា ចំបាប់ ឬ ជីវជីតស៊ូប្រេស៊ីល ខណៈកំណត់ដោយច្បាប់មួយចំនួន។
លោកហ្សាក់ឃើបឺក ដែលជាអ្នកចូលចិត្តសិល្បៈក្បាច់គុនធា្លប់ចូលរួមក្នុងការប្រកួតជីវជីតស៊ូ បានឆ្លើយតបទៅនឹងគំនិតរបស់លោកម៉ាស ដោយឆ្លើយតបនៅលើ Instagram ថា «ផ្ញើទីតាំងឱ្យខ្ញុំ»។ការផ្តោះផ្តងនេះបានបង្កឱ្យមានប្រតិកម្មជាច្រើននៅលើបណ្តាញសង្គមក៏ដូចជាជំរុញឱ្យមានការភ្នាល់គ្នាដ៏រស់រវើកថាអ្នកណានឹងឈ្នះទៀតផង៕(ប្រែសម្រួលដោយ លោកសំណាង)