សមាគមរាជសីហ៍ ចេញសេចក្តីថ្លែងការណ៍ ប្រកាសគាំទ្រចំពោះលទ្ធផលផ្លូវការ នៃការបោះឆ្នោត

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់សមាគមរាជសីហ៍ បានបង្ហាញថា « ក្នុងនាមជាភាគីមួយ ដែលបានចូលរួមសង្កេតការណ៍ តាំងពីដំណាក់កាលដំបូង រហូតដល់ពេលនេះ សូមប្រកាសជាឧឡារិកគាំទ្រ ចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី៥ ខែសីហាឆ្នាំ២០២៣នេះ» ។

សមាគមរាជសីហ៍ បានសង្កេតឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែ កក្កដាឆ្នាំ២០២៣ កន្លងទៅនេះ បានប្រព្រឹត្តយ៉ាងត្រឹមត្រូវទៅតាមប្រតិទិន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជាហើយស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត សេរី យុត្តិធម៌ និងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។

សមាគមរាជសីហ៍ បានថ្លែងថា អ្នកដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅចូលរួមបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនីមួយៗ នៅទូទាំងប្រទេស ក្នុងបរិយាកាសសណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា ឬការគម្រាមកំហែងណាមួយឡើយ ដើម្បីជ្រើសរើសតំណាង ឬគណបក្សនយោបាយណា មួយដែលខ្លួនពេញចិត្ត ៕ ដោយ ៖ ហួត សម្បត្តិ

 

Leave a Reply

Your email address will not be published. Required fields are marked *