មិនមែនថតកុនទេ! ផឹកស្រាមិនប្រមាណខ្លួន ហើយបើករថយន្តបុករះគ្មានប្រណី

ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាក Tundra យ៉ាងលឿន ខណៈដល់ផ្លូវកោងក៏បានជ្រុលចង្កូតបុករបងយានដ្ឋានជួសជុលរថយន្ត រួចបន្តទៅបុកទម្លុះរបងជញ្ជាំងថ្ម បាក់ខ្ទេចអស់ ១ផ្ទាំងធំហើយរថយន្តបង្កបានហោះទៅបុករថយន្ត២គ្រឿងចតស្ងៀម បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកេីតឡេីងនៅវេលាម៉ោង៩និង២០នាទីយប់ថ្ងៃសៅរ៍ ទី៥ ខែសីហាឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រៃស ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពបានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿង ម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK- 9404 យ៉ាងលឿនក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ,ខណៈមកដល់ផ្លូវកោងបានជ្រុលចង្កូតបុករបងសង្ក័សី យានដ្ឋានជួសជុលរថយន្តបណ្ដាលឱ្យខូចខាតអស់ជាច្រេីងផ្ទាំង រួចបន្តទៅបុកទម្លុះរបងជញ្ជាំងថ្ម បាក់ខ្ទេចអស់១ផ្ទាំងធំទៀត ។បន្ទាប់មករថយន្តបង្កបានហោះបន្តទៅបុករថយន្តចំនួន២គ្រឿងទៀត។

រថយន្តទី១-ដែលរងការខូចខាត ម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BN-9590 រងការខូចខាតស្ទេីរតែទាំងស្រុង និង ទី២-រថយន្តម៉ាក កាមរី ហាយប្រ៊ីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ខេមរៈភូមិន្ទ01 2-1322 រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។

ប្រភពបានបន្តទៀតថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុករះដ៏រន្ធត់ខាងលេីនេះ មិនបណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋ រងរបួសនោះទេ។ ចំណែកអ្នកបេីកបររថយន្តបង្ករបម្រុងនិងរត់គេចខ្លួនតែត្រូវបងប្អូនប្រជាពលរដ្ឋដេញឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ជូនសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក ដេីម្បីសួរនាំ ។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញបាន ចុះមកដល់ទីតាំងកន្លែងកេីតរួចបានវាស់វែង និង ស្ទូចរថយន្តបង្កនិងរថយន្តរងគ្រោះ ទៅរក្សាទុកនៅការិយាល័យចរចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *