ភាពអនាធិបតេយ្យរថយន្តពេទ្យខុសច្បាប់ និងពេទ្យឯកជន នៅតែមាន « ឃើញអ្នកក្រ នាំគ្នាបើកគេចអស់ »

ភ្នំពេញ ៖ ភាពអនាធិបតេយ្យរថយន្តពេទ្យខុសច្បាប់ និងពេទ្យឯកជនមួយចំនួន នៅតែបន្តកើតមានដដែលជាដដែល នៅក្នុងរាជធានីភ្នំពេញ ជាពិសេសសម្រាប់ជនរងគ្រោះ ដែលមានសភាពក្រីក្រ គឺពួកគេនាំគ្នាគេចអស់ ទុកឱ្យរថយន្តពេទ្យរដ្ឋមកដឹក ។ 

គណនេយ្យហ្វេសបុក Soy Narith បានសរសេរថា « ស្ត្រីមា្នក់ឈ្មោះ សាំង ស្រីរ៉ា អាយុ៤៨ឆ្នាំ មុខរបរដើរសុីឈ្នួលលាងចានឲ្យគេ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលអោយបាក់ជើងឆ្វេង ។ 

ភ្លាមនោះមានរថយន្តសង្គ្រោះ របស់គ្លីនិចឯកជន បានមកដល់កន្លែងកើតហេតុ ចំនួន៣គ្រឿង តែដោយសារឃើញស្ថានភាពជនរងគ្រោះក្រីក្រ ( ជនរងគ្រោះលើកដៃសំពះអោយជួយ ) ក្រុមរថយន្តសង្គ្រោះឯកជនទាំង៣គ្រឿង បើកចេញម្តងមួយៗទៅវិញអស់ បន្សល់ទុកជនរងគ្រោះ ត្រដខ្យល់ម្នាក់ឯង នៅលើចិញ្ចើមថ្នល់ ។

ចុងបញ្ចប់ជនរងគ្រោះ ត្រូវបានក្រុមសង្គ្រោះបន្ទាន់៧១១ កងពលតូចលេខ៧០ ជួយសង្គ្រោះនៅកន្លែងកើតហេតុ រួចដឹកបញ្ជូន ទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុម: ។ កើតហេតុ នៅវេលាម៉ោង ៥និង ២៥នាទីល្ងាច ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ តាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមជម្រាបថា ថ្មីៗនេះក្រុមការងារចម្រុះ ដែលដឹកនាំបញ្ជាពីអភិបាលខណ្ឌពោធិ៍សែនជ័យ បានចុះចាប់រថយន្តពេទ្យខុសច្បាប់ ដែលបានចេញដឹកអ្នករងគ្រោះនៅតាមដងផ្លូវ ដែលបង្កភាពអនាធិបតេយ្យ និងរងការរិះគន់ បាត់ទ្រព្យសម្បត្តិជនរងគ្រោះជាញឹកញាប់ ។ 

ក្រសួងសុខាភិបាល ក៏ធ្លាប់ប្រកាសស្នើអភិបាលរាជធានី មេប៉ូលិល មេអាវុធហត្ថ ជួយបង្ក្រាបរថយន្តពេទ្យខុសច្បាប់ ក៏ដូចជារថយន្តពេទ្យឯកជន ដែលចេញមកយកជនរងគ្រោះ ដឹកយកទៅគ្លីនិកខ្លួន គិតតម្លៃថ្លៃៗ ពេលខ្លះបង្កឱ្យស្ថានភាពជនរងគ្រោះ ធ្ងន់ទៅៗរហូតបាត់បង់ជីវិតក៏មាន តែចំណាត់ការទាំងនោះ រាប់សិបឆ្នាំមកហើយ នៅតែក្រុមទាំងនោះមិនខ្វល់ មិនខ្លាចដដែល ៕ ដោយ ៖ ប៉ូចគឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *