ព្រៃវែង ៖ បុរសម្នាក់បានបើកម៉ូតូម៉ាកបុករថយន្តដឹកដីពីក្រោយ ខណៈម្ចាស់រថយន្តដឹកដី កំពុងឈប់រថយន្តចុះនោមបណ្ដាលឱ្យរងរបួសធ្ងន់ ហើយបានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ និង ៤៥នាទីយប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវជាតិលេខ ១១ ស្ថិតក្នុងភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ ណៃ ពៅ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ ពោធិ៍ចិនដាំ ឃុំស្វាយអន្ទរស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានបើកម៉ូតូម៉ាកវេវឆ្លាម ពណ៌ក្រហម គ្មានស្លាកលេខ។លុះដល់ចំណុចកើតហេតុក៏បានបុកពីក្រោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ត្រាគោ ពណ៌ក្រហម ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3384 បើកបរដោយឈ្មោះ វណ្ណា លឹមទាង ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិសុក្រំជ្រុំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំដែលកំពុងឈប់រថយន្ត ដើម្បីចុះនោម បណ្ដាលឱ្យភាគីខាងម៉ូតូបាត់បង់ជីវិត។
បច្ចុប្បន្ន អ្នកបើកបររថយន្ត ត្រូវបានឃាត់ខ្លួន ហើយនាំមកអធិការដ្ឋាននគរបាលស្រុកកញ្ជៀច ដើម្បីសាកសួរ និងបំពេញនីតិវិធីតាមផ្លូវច្បាប់ ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច ៕(ធ្នូជ័យ)