ប្លន់អ្នកលក់ចាប់ហួយបានសម្រេច១ខែ ទើបសមត្ថកិច្ចឃាត់ខ្លួន៤នាក់

ពោធិ៍សាត់ ៖ ជនសង្ស័យ០៤នាក់ ចំណោមបក្សពួក០៥នាក់ ត្រូវបាននគរបាល ក្រុងពោធិ៍សាត់ ឃាត់ខ្លួនបានជាបន្តបន្ទាប់ នាពេលថ្មីៗនេះ ក្រោយពីបានធ្វើសកម្មភាពប្លន់យកទ្រព្យសម្បត្តិ នៅចំណុចតូបលក់ចាប់ហួយមាត់ស្ទឹងស្ថិតនៅភូមិព្រែកស្តី សង្កាត់លលកស ក្រុង-ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៥ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

លោកវរសេនីយ៍ឯក កែវ សារិ អធិការក្រុងពោធិ៍សាត់ បានឱ្យដឹងថា ដោយមានការសហការ កម្លាំងអន្តរាគមន៍ កម្លាំងប៉ុស្តិ៍រលាប និងប៉ុស្តិ៍ផ្ទះព្រៃ លោកបានដឹកនាំកម្លាំង ស៊ើបអង្កេត ស្រាវជ្រាវលើករណីប្លន់ខាងលើ ប្រើប្រាស់រយៈពេលជិតមួយខែ ទើបសមត្ថកិច្ចបានឈានដល់ ការកំណត់មុខសញ្ញា និងចេញប្រតិបត្តិការឃាត់ខ្លួនក្រុមជនសង្ស័យ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៤នាក់ រឹបអូសម៉ូតូចំនួន០១គ្រឿង នៅចំណុចភូមិទួលម្កាក់ សង្កាត់រលាបក្រុងពោធិ៍សាត់។

លោកអធិការ បន្តថា ក្រោយក្តាប់បានព័ត៌មានច្បាស់ការពីទីតាំងរបស់ក្រុមមុខសញ្ញា សមត្ថកិច្ចបានសហការចេញប្រតិបត្តិការ បង្ក្រាបនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនបានជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ ខា ខាវ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ជាអ្នកប្រព្រឹត្តិបទល្មើសខាងលើ និងបក្សពួក៣នាក់ទៀត។

ជនសង្ស័យទី២-ឈ្មោះ សួន សាញ់សារ៉ា ភេទប្រុស អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដ , ៣-ឈ្មោះ សួន សាញ់សេរីភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ និង៤-ឈ្មោះ បឿន វិរ័ត្នភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងបីរនាក់ មានទីលំនៅក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ។ ចំណែកជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រៀបចំសំណុំបែបបទដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *