បាត់បង់ជីវិតម្នាក់ និង របួស២នាក់ ខណៈរថយន្ត២គ្រឿងបើកបុកគ្នា

បន្ទាយមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិត និង ២នាក់ទៀតរងរបួស បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយរថយន្ត កើតឡើងនៅវេលាម៉ោង១និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហាឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧៩-៣៨០ ខាងកើតវត្តចាន់ស៊ីចម្ងាយប្រហែល៥០០ម៉ែត្រ ស្ថិតនៅភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឱ្យដឹងថា ដំបូងមានរថយន្តមួយគ្រឿង ម៉ាកកាមរីស៊េរីឆ្នាំ៩៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2A-3409 បើកបរដោយ ឈ្មោះ ណាក់ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិប្រជាធម្ម សង្កាត់ប៉ោយប៉ែត បានបើកបរក្នុងទិសដៅពីទិសខាងកើតទៅលិច។

លុះមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុក រថយន្តមួយគ្រឿងទៀតម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AB-1836 បើកបរដោយឈ្មោះ ចៅ វុទ្ធី ភេទប្រុស អាយុ៤៣ ឆ្នាំរស់នៅ ភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរពីទិសខាងលិចទៅខាងកើត ។

លោកបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឱ្យអ្នកបើកបររថយន្តកាមរីបាត់បង់ជីវិតនៅនឹងកន្លែង ,ចំណែកអ្នករថយន្តហាយឡែនឌ័ររបួសស្រាលនិងអ្នករួមដំណើរម្នាក់របួសធ្ងន់បាក់ដៃឆ្វេង ។ 

លោកអធិការបន្តទៀតថា ចំពោះមូលហេតុបង្កឱ្យគ្រោះថ្នាក់នេះ សង្ស័យអ្នកបើករថយន្តម៉ាកកាមរីងងុយដេកបណ្តាលឱ្យរថយន្តរេចង្កូត ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យ ។ឯរថយន្ត០២គ្រឿង ខូចខាតធ្ងន់ទាំងពីរគ្រឿងនិងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *