បរទេស ៖ អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ មិនបានសារភាពទោសកំហុសនោះទេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចំពោះការចោទប្រកាន់ព្រហ្មទណ្ឌថា«គាត់បានសមគំនិតដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ និងបោកប្រាស់ប្រជាជនអាមេរិក»។
លោកដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខគេសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីពីគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ បានឡើងនិយាយបែបនេះក្នុងអំឡុងសវនាការជិត ៣០ នាទីនៅឯតុលាការក្រុងវ៉ាស៊ីនតោន ដូចគ្នាដែលអ្នកគាំទ្ររបស់គាត់រាប់រយនាក់ត្រូវបានកាត់ទោសសម្រាប់តួនាទីរបស់ពួកគេ នៅក្នុងការវាយប្រហារនៅថ្ងៃទី ៦ខែមករា ឆ្នាំ២០២១ ទៅលើវិមានកាពីតូលអាមេរិកកន្លងទៅ។
ក្រោយពីលោកចៅក្រម ម៉ូស៊ីឡា យូផាតយ៉ាយ៉ា (Moxila Upadhyaya) អានបទចោទព្រហ្មទណ្ឌចំនួនបួន និងលទ្ធភាពដាក់ទោសជាប់ពន្ធនាគារ ជាអតិបរមា នៅក្នុងការចោទប្រកាន់កម្រាស់ ៤៥ ទំព័រ ដែលប្តឹងដោយទីប្រឹក្សាពិសេស ជែក ស្មីត (Jack Smith) ហើយលោកត្រាំបាននិយាយថា «គ្មានកំហុសទេ»។
លោកត្រាំ ជាមហាសេដ្ឋីវ័យ ៧៧ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់រួចហើយនៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនពីរផ្សេងទៀត ហើយការចោទប្រកាន់ថ្មីនេះបានបង្កើនការរំពឹងទុកថា «គាត់នឹងត្រូវជាប់ពាក់ព័ន្ធបន្ថែមទៀតនៅក្នុងដំណើរការផ្លូវច្បាប់ពេលឈានដល់ថ្ងៃធ្វើយុទ្ធនាការបោះឆ្នោតពេញបន្ទុកនៅឆ្នាំក្រោយ»។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានជាតិរីហ្គែន មុនពេលចាកចេញពីទីក្រុងវ៉ាស៊ីនតោនតាមយន្តហោះឯកជនរបស់គាត់ លោកត្រាំបាននិយាយថា ករណីដែលគេយកមកប្តឹងគាត់គឺជា «ការធ្វើទុក្ខបុកម្នេញលើគូប្រជែងនយោបាយ»។
លោកបាននិយាយថា «នេះជាថ្ងៃដ៏សោកសៅបំផុតសម្រាប់អាមេរិក។ នេះជាការធ្វើទុក្ខបុកម្នេញលើបុគ្គលដែលនាំមុខក្នុងចំនួនយ៉ាងច្រើននៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សសាធារណរដ្ឋ និង នាំមុខបៃដិនយ៉ាងច្រើន។ដូច្នេះប្រសិនបើអ្នកមិនអាចឈ្នះគាត់ទេ អ្នកត្រូវតែធ្វើទុកបុកម្នេញគាត់ឬកាត់ទោសគាត់។ យើងមិនអាចឱ្យរឿងនេះកើតឡើងនៅអាមេរិកបានទេ»។
ចំណែកលោកចៅក្រមបានកំណត់សវនាការបន្ទាប់នៅក្នុងសំណុំរឿងល្បីនេះនៅថ្ងៃទី ២៨ ខែសីហា នៅចំពោះមុខចៅក្រមតុលាការ ថានយ៉ា ឆាត់កាន់ (Tanya Chutkan) ដែលនឹងធ្វើជាអធិបតីក្នុងសវនាការចុងក្រោយ។
លោកស្រីចៅក្រម យូផាតយ៉ាយ៉ា បាននិយាយថា «ខ្ញុំអាចធានាដល់អ្នករាល់គ្នាថានឹងមានដំណើរការយុត្តិធម៌និងការកាត់ក្តីដោយយុត្តិធម៌»៕(ប្រែសម្រួលដោយ លោកសំណាង)