រថយន្តឡង់គ្រីស័របើកបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយមានរថយន្តដឹកអុសមកបុកបន្ថែម

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករថយន្តឡង់គ្រីស័រយ៉ាងលឿនទៅបុកខឿនថ្ម សួនច្បារចែកទ្រូងផ្លូវបណ្ដាលឱ្យជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើម រថយន្តខ្ទាតទៅលើចំណីផ្លូវម្ខាង ហើយក៏មានរថយន្តធុនធំដឹកអុសមកបុកបន្ថែម រេចង្កូតមកស្ដាំដៃទៅបុករបងផ្ទះប្រជាពលរដ្ឋ កៀបតៃកុងជាប់រងរបួស និង ម្នាក់ទៀតរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង១០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៤ ខែសីហាឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្ទះឯកឧត្តមចម ប្រសិទ្ធ តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា ដំបូងឡើយគេឃើញរថយន្តឡង់គ្រីស័រពណ៌ស ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខភ្នំពេញ2BR- 7793 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះទិសដៅពីត្បូងមកជើងយ៉ាងលឿន ។

ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកឆ្វេងដៃជ្រុលទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវ ឡើងទៅលើសួនបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់អស់មួយដើម រួចរថយន្តក្រឡាប់ផ្កាកង់មួយចំហៀង,ស្រាប់តែមានរថយន្តធុនធំដឹកអុសពេញ ម៉ាកHYUNDAI 5TON ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខកំពង់ធំ3A-2887បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីជើងមកត្បូងយ៉ាងលឿន ។

ពេលនោះក៏បានជ្រុលបុកបន្ថែមចំរថយន្តឡង់គ្រីស័របណ្ដាលឱ្យខ្ទាតប្រហែល៥ម៉ែត្រ បណ្តាលឱ្យអ្នកបើកបររបួសធ្ងន់,ភ្លាមៗក៏មានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត។ ចំណែកឯរថយន្ត ដឹកអុសមិនទាន់អស់ល្បឿនក៏រេចង្កូតទៅស្តាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋកៀបជាប់តៃកុង ភ្លាមៗត្រូវបានប្រជាពលរដ្ឋក៏ដូចអាជ្ញាធរដែនដី បានមកយកកៅឡាក់មកទាញទ្វារចេញនឹងយកតៃកុងចេញពីក្នុងកាប៊ីនរងរបួសជើងតែមិនធ្ងន់ធ្ងរនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *