បរទេស ៖ ក្រុមហ៊ុន ដែលពីមុនត្រូវគេស្គាល់ថា Twitter បានដកចេញស្លាកសញ្ញា X ភ្លឺភ្លឹបភ្លែតពីលើកំពូលទីស្នាក់ការកណ្តាលរបស់ខ្លួននៅក្រុងសាន់ហ្វ្រាន់ស៊ីស្កូ កាលពីថ្ងៃចន្ទម្សិលនិញ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិជ្ជា ដែលប្តូរម៉ាកថ្មីថ្មោងនេះ បានបង្កភាពច្របូកច្របល់ជាមួយមន្ត្រីទីក្រុងជុំវិញស្លាកសញ្ញាដ៏ចម្រូងចម្រាសខាងលើនេះ។
សញ្ញា X ដែលត្រូវបានដំឡើងនៅលើដំបូលការិយាល័យកណ្តាលរបស់ក្រុមហ៊ុនកាលពីសប្តាហ៍មុន គឺ ជាផ្នែកមួយនៃការប្រឹងប្រែងរបស់ម្ចាស់ក្រុមហ៊ុន គឺលោក អេឡុន ម៉ាស ដើម្បីប្តូរឈ្មោះក្រុមហ៊ុនយក្សបណ្តាញសង្គមពោរពេញដោយបញ្ហានេះ ទៅជាអក្សរទី ២៤ នៃ អក្ខរក្រមអង់គ្លេស។
ប៉ុន្តែត្រូវបានអ្នកស្រុក ត្អូញត្អែរពីពន្លឺភ្លើងភ្លឺខ្លាំងពេកដែលបញ្ចេញពីស្លាកសញ្ញានៅពេលយប់។ អ្នកខ្លះក៏បានត្អូញត្អែរអំពីសុវត្ថិភាពផងដែរ ដោយលើកឡើងថា «ស្លាកសញ្ញា ដែលបង្ហាញលើកំពូលអគារ ហាក់ផ្សារមិនជាប់មាំទាំនៅគែមដំបូលអគារនោះទេ»។
មន្ត្រីនាយកដ្ឋានត្រួតពិនិត្យអគារ និង ផែនការទីក្រុងរបស់សាន់ហ្វ្រាន់ស៊ីស្កូ បានទទួលពាក្យបណ្តឹងចំនួន ២៤ អំពីសញ្ញានេះ រួមទាំងការព្រួយបារម្ភអំពី «សុវត្ថិភាពស្លាកសញ្ញានិងការបំភ្លឺភ្លើងភ្លឺពេក»។នេះបើយោងតាមនាយកផ្នែកទំនាក់ទំនងរបស់ទីភ្នាក់ងារខាងលើ លោក ផាទ្រីក ហានណាន់ (Patrick Hannan) ប្រាប់ទៅទីភ្នាក់ងារសារព័ត៌មានAFP។
លោកហានណាន់បាននិយាយថា ព្រឹកនេះ អ្នកត្រួតពិនិត្យអគារបានសង្កេតមើលគេរុះរើស្លាកសញ្ញាចេញហើយ។យោងតាមលោកហានណានបានឱ្យដឹងថា ម្ចាស់អគារ ដែលក្រុមហ៊ុន X កំពុងជួលការិយាល័យ នឹងត្រូវបង់ថ្លៃការអនុញ្ញាតក្នុងការដំឡើងនិងដកចេញស្លាកសញ្ញា ក៏ដូចជាការចំណាយលើការស៊ើបអង្កេតរបស់ទីក្រុង ៕(ប្រែសម្រួលដោយលោក សំណាង)