រថយន្តបើកបុកម៉ូតូ XR ខណៈប្រជាការពារ កំពុងតែជិះល្បាតបណ្ដាលឱ្យដួលបោកក្បាលលើថ្នល់

ភ្នំពេញ ៖ កម្លាំងប្រជាការពារភូមិត្រពាំងថ្លឹងទី៣ម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូXRល្បាតតាមផ្លូវត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយយ៉ាងពេញទំហឹង កើតឡើងកាលវេលាម៉ោង១០និង៤០នាទី យប់ថ្ងៃសៅរ៍ ទី២៩ ខែកក្កដាឆ្នាំ២០២៣ត្រង់ចំណុចមុខរោងចក្រស្រាបៀរក្រោន តាមបណ្ដោយផ្លូវចោមចៅ ក្នុងភូមិចោមចៅ សង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ  ហែម សារិម ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារ រស់នៅក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកXR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1AJ-8431ជិះតែម្នាក់ឯង។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាក XR តាមបណ្ដោយផ្លូវចោមចៅ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បត់ឆ្វេងដៃជិះទៅមុខបានបន្តិចក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបានមកបុកពីក្រោយយ៉ាងពេញទំហឹងបណ្ដាលឱ្យដួលបោកក្បាលលើថ្នល់បាត់បង់ជីវិត ។ ក្រោយពីបុកហើយរថយន្ត បានបន្ថែមល្បឿន បើកចេញពីកន្លែងកើតហេតុបាត់តែម្ដង។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះខ្ទេចស្ទើរតែទាំងស្រុងមើលលែងយល់។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកវាស់វែងយកមធ្យោបាយទៅរក្សាទុក ។ ចំណែកឯសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅគេហដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី៕(ដោយធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *