ចិនគាំទ្រឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍរដ្ឋធានីថ្មី និង សួនឧស្សាហកម្មកាលីម៉ាន់តាន់

បរទេស ៖ លោកប្រធានាធិបតីចិន ស៊ី ជិនពីងបាននិយាយថា «ចិនគាំទ្រឥណ្ឌូនេស៊ីក្នុងការអភិវឌ្ឍរដ្ឋធានីថ្មីរបស់ខ្លួននិងសួនឧស្សាហកម្មកាលីម៉ាន់តាន់ (Kalimantan) ខាងជើង ហើយមានឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងរថយន្តថាមពលថ្មីនិងទីក្រុងឆ្លាតវៃ និងរួមគ្នាលើកកម្ពស់ការផ្លាស់ប្តូរឌីជីថលឧស្សាហកម្ម»។

លោកស៊ី ជីនពីង បានលើកឡើងបែបនេះ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅខណៈបានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ និង លោកជំទាវក្នុងទីក្រុងចេងទូ ខេត្តស៊ីឈាន់ ភាគនិរតីប្រទេសចិន។

លោកវីដូដូ មកទីក្រុងចេងទូ ដើម្បីចូលរួមពិធីបើកការប្រកួតកីឡាសាកលវិទ្យាល័យពិភពលោក FISU រដូវក្តៅលើកទី៣១ និង ធ្វើទស្សនកិច្ចនៅប្រទេសចិន។ ចំណែកលោកស៊ី ជីនពីង បានកត់សម្គាល់ពីការបើកទំព័រថ្មីក្នុងការកសាងសហគមន៍ចិន-ឥណ្ឌូនេស៊ី ជាមួយនឹងអនាគតរួមគ្នាកាលពីឆ្នាំមុន។

លោកស៊ីបាននិយាយថា ចិនមានឆន្ទៈក្នុងការយកឱកាសនេះធ្វើជាកាលានុវត្តភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តជាមួយឥណ្ឌូនេស៊ី ធ្វើជាគំរូសម្រាប់ប្រទេសកំពុងអភិវឌ្ឍអំពីការចែករំលែកអនាគតរួមគ្នា បន្តការពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ និង ជំរុញការអភិវឌ្ឍរួមគ្នា ហើយចាក់បញ្ចូលនូវភាពប្រាកដប្រជានិងថាមពលវិជ្ជមានបន្ថែមទៀតទៅក្នុងតំបន់និងពិភពលោក ដែលឆ្នាំនេះគឺជាខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងឥណ្ឌូនេស៊ី។ 

លោកស៊ីបាននិយាយថា «ចិនមានឆន្ទៈរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រជាទៀងទាត់ជាមួយឥណ្ឌូនេស៊ី ពង្រឹងការផ្លាស់ប្តូរបទពិសោធន៍អភិបាលកិច្ចរដ្ឋ ផ្តួចផ្តើមយន្តការសន្ទនា (២+២)សម្រាប់រដ្ឋមន្ត្រីការបរទេសនិងការពារជាតិនៃប្រទេសទាំងពីរ និង កសាងទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រកម្រិតខ្ពស់»។

លោកស៊ី បន្តថា សមិទ្ធិផលសំខាន់ៗត្រូវបានធ្វើស្របនឹងគំនិតផ្តួចផ្តើមក្រវាត់និងផ្លូវហើយទន្ទឹមគ្នាជាមួយនឹងចក្ខុវិស័យគំនាស់ដែនសមុទ្រសកល (Global Maritime Fulcrum) របស់ឥណ្ឌូណេស៊ី។

លោកស៊ី បន្តថា ជាមួយនឹងផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung នឹងដំណើរការក្នុងពេលឆាប់ៗនេះ ភាគីទាំងពីរត្រូវតែធានានូវស្តង់ដារខ្ពស់ និងគុណភាពខ្ពស់នៃគម្រោង ដោយបញ្ចូលកម្លាំងរុញច្រានបន្ថែមទៀតដល់ការអភិវឌ្ឍរបស់ឥណ្ឌូនេស៊ី ដោយបន្ថែមថា ប្រទេសទាំងពីរចាំបាច់ត្រូវបន្តកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មគ្រប់ជ្រុងជ្រោយ។

លោកបន្តទៀតថា ចិនមានឆន្ទៈបន្តពង្រីកការនាំចូលទំនិញច្រើនមុខនិងផលិតផលកសិកម្មគុណភាពខ្ពស់ពីប្រទេសឥណ្ឌូនេស៊ី ផ្តល់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការធ្វើឱ្យរស់ឡើងវិញតំបន់ជនបទ ការអប់រំជំនាញវិជ្ជាជីវៈ ការអប់រំភាសាឱសថ វិស័យ​សុខាភិបាល វប្បធម៌ និង​ទេសចរណ៍៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *