លោកពូទីនសន្យាផ្តល់គ្រាប់ធញ្ញជាតិឥតគិតថ្លៃ ក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំអាហ្វ្រិក

បរទេស ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានផ្តល់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃ ដល់ប្រទេសចំនួន ៦នៅទ្វីបអាហ្រ្វិក ខណៈរូបលោកបានចាប់ផ្តើមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំមកពីទ្វីបអាហ្វ្រិក គឺតែប៉ុន្មានថ្ងៃបន្ទាប់ពីដកខ្លួនចេញពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន។

តាមរយៈកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងសេនភីតធឺស្បឺក (Saint Petersburg) ដែលជាស្រុកកំណើតរបស់លោកពូទីន កំពុងត្រូវបានពិនិត្យពិច័យថាជាការសាកល្បងលើការគាំទ្ររបស់គាត់នៅក្នុងទ្វីបអាហ្រ្វិក ជាកន្លែងដែលគាត់រក្សាបាននូវការគាំទ្រ បើទោះបីជាភាពឯកោជាអន្តរជាតិត្រូវបានបង្កឡើងដោយអន្តរាគមន៍យោធារបស់គាត់នៅអ៊ុយក្រែនកាលពីឆ្នាំមុនក៏ដោយ។

កាលពីសប្តាហ៍មុន រុស្ស៊ីបានបដិសេធមិនបន្តកិច្ចព្រមព្រៀង ដែលក្នុងនោះការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានឆ្លងកាត់សមុទ្រខ្មៅដើម្បីទៅដល់ទីផ្សារពិភពលោក រួមទាំងទ្វីបអាហ្រ្វិក ដោយបន្ធូរបន្ថយសម្ពាធលើតម្លៃម្ហូបអាហារ។

លោកពូទីនបាននិយាយថា នៅឯកិច្ចប្រជុំកំពូលថា «រុស្ស៊ីអាច ជំនួសគ្រាប់ធញ្ញជាតិអ៊ុយក្រែន ហើយបានសន្យាថានឹងបញ្ជូនគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសចំនួនប្រាំមួយនៅអាហ្វ្រិក»។

លោកពូទីនបន្តថា «នៅក្នុងប៉ុន្មានខែខាងមុខនេះ យើងនឹងអាចធានាការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិដោយឥតគិតថ្លៃពី២៥.០០០ ទៅ ៥០.០០០ តោនទៅកាន់ប្រទេសបួគីណាហ្វាសូ ស៊ីមបាវ៉េ ម៉ាលី សូម៉ាលី សាធារណរដ្ឋអាហ្វ្រិកកណ្តាលនិង អេរីទ្រា»។

កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ បានអនុញ្ញាតឱ្យគ្រាប់ធញ្ញជាតិប្រហែល ៣៣ លានតោនចាកចេញពីកំពង់ផែអ៊ុយក្រែនដោយជួយរក្សាស្ថិរភាពតម្លៃស្បៀងអាហារពិភពលោកនិងបញ្ចៀសការខ្វះខាត នៅឆ្នាំនេះ ។

ប៉ុន្តែចាប់តាំងពីការផ្អាកកិច្ចព្រមព្រៀងនេះមក ការវាយប្រហារបានបង្កើនកាន់តែខ្លាំងទៅលើតំបន់អូដេសា (Odesa) ភាគខាងត្បូង ដែលជាជង្រុកកំពង់ផែរបស់អ៊ុយក្រែន ជាកន្លែងដែលកងទ័ពរុស្ស៊ីនិយាយថា «ខ្លួនបានវាយប្រហារហេដ្ឋារចនាសម្ពន្ធយោធា»ទៅវិញ ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *