បរទេស ៖ ទាហានកងម៉ារីនប្រទេសម៉ិកស៊ិក ដែលកំពុងបំពេញកាតព្វកិច្ចគយ បាននិយាយកាលពីថ្ងៃពុធម្សិលមិញថាពួកគេបានរកឃើញកុងតឺន័រដឹកជញ្ជូនមួយ ដែលផ្ទុកដបទឹកសុទ្ធចំនួន ៧.២០០ ដប ដែលមានស្លាកជាតិអាល់កុលសម្រាប់ផលិតស្រា ប៉ុន្តែតាមពិតវាមានផ្ទុកសារធាតុមេតំហ្វេតាមីនរាវ។
ចំពោះការដឹកជញ្ជូនថ្នាំញៀនដ៏ធំនេះ ត្រូវបានរកឃើញនៅលើកប៉ាល់ដោតទង់ជាតិលីបេរីយ៉ា នៅកំពង់ផែឆ្នេរប៉ាស៊ីហ្វិក ម៉ាន់ហ្សានីលឡូ (Manzanillo) ហើយកុងតឺន័រមានទិសដៅទៅប្រទេសអូស្ត្រាលី ។នេះបើយោងតាមឯកសារដឹកជញ្ជូន។
ទាហានកងម៉ារីនបាននិយាយថា «ការដឹកជញ្ជូននេះមានផ្ទុកនូវសារធាតុថ្នាំញៀនចំនួន ៩,៥ តោន ទោះបីជាទម្ងន់គ្រឿងញៀនស្ងួតមានតិចជាងនេះក៏ដោយ ហើយដបទាំងនោះមានម៉ាកយីហោ Mezcal Social ហើយត្រូវបានសម្គាល់ថាជា ធាតុផ្សំសម្រាប់ផលិតស្រា»។
គិតមកទល់ពេលនេះ ទាហានកងម៉ារីនម៉ិកស៊ិក បានរឹបអូសថ្នាំញៀនជាង ១២៤ តោននៅទូទាំងប្រទេស។ វាមិនមែនជាលើកទីមួយទេ ដែលក្រុមជួញដូរគ្រឿងញៀនម៉ិកស៊ិក ដែលគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិលើគ្រឿងញៀន បានព្យាយាមរត់ពន្ធគ្រឿងញៀនទៅកាន់ប្រទេសអូស្ត្រាលី ឬ ក្នុងទម្រង់វត្ថុរាវ។
នៅក្នុងឆ្នាំ ២០២២ មន្ត្រីក្នុងទីក្រុងហុងកុងបានរឹបអូសបានថ្នាំញៀនគ្រីស្តាល់តម្លៃ ៥,៩ លានដុល្លារ ដែលលាក់ទុកក្នុងកុងតឺន័រដឹកជញ្ជូនឧបករណ៍បំប្លែងអគ្គិសនី ដែលឆ្ពោះទៅអូស្ត្រាលីពីម៉ិកស៊ិក។
ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ពួកគេបានរាយការណ៍ថា«បានរកឃើញថ្នាំញៀនប្រភេទមេតំហ្វេតាមីនរាវ ២ តោនលាក់ទុកក្នុងដបដែលបិតស្លាកទឹកដូង ដែលបានមកពីម៉ិកស៊ិកតាមសមុទ្រ។ គ្រឿងញៀនដែលគេប៉ាន់ប្រមាណថាមានតម្លៃ១៤០ លានដុល្លារនេះគឺជាការរឹបអូសថ្នាំញៀនដ៏ធំបំផុតនៅហុងកុង»៕(ប្រែសម្រួលដោយ លោកសំណាង)