បរទេស ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បើពុំមានការប្រែប្រួល លោកនឹងធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលាខាងមុខ។ នេះបើតាមមន្ត្រីវិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញ ។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានស្រង់សម្តីទីប្រឹក្សាគោលនយោបាយការបរទេសរបស់លោកពូទីន គឺលោក យូរី យូសាកូវ (Yuri Ushakov) ដោយនិយាយថា «ទស្សនកិច្ចនេះនឹងត្រូវកំណត់ពេលឱ្យស្របជាមួយវេទិកា ក្រវាត់មួយផ្លូវមួយនៅក្នុងប្រទេសចិន។ គំនិតផ្តួចផ្តើមក្រវាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង គឺពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ពន្ធដើម្បីតភ្ជាប់អាស៊ីជាមួយបណ្តាប្រទេសអឺរ៉ុបនិងអាហ្វ្រិក។
លោកយូសាកូវ បន្តថា លោកពូទីនក៏មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសតួកគីនៅពេលណាមួយផងដែរ ដើម្បីបំពេញការសន្យាជាមួយប្រធានាធិបតីតួកគី លោក រីស៊ីប ថាយយីប អឺដូហ្គាន (Recep Tayyip Erdogan) ទោះបីជាកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចនោះមិនទាន់ត្រូវបានកំណត់នៅឡើយក៏ដោយ។
លោកបន្តទៀតថា វិមានក្រឹមឡាំងបានទទួលការអញ្ជើញមួយសម្រាប់លោកពូទីនចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសឥណ្ឌាក្នុងខែកញ្ញា។ លោកយូសាកូវនិយាយថា ការចូលរួមដោយផ្ទាល់របស់មេដឹកនាំរុស្ស៊ីមិនត្រូវបានច្រានចោលទេ ទោះបីជាទម្រង់នៃការចូលរួមរបស់លោកពូទីននៅតែមិនទាន់ច្បាស់លាស់ក៏ដោយ។
ចំពោះការប្រកាសអំពីផែនការធ្វើដំណើររបស់លោកពូទីនបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីអាហ្រ្វិកខាងត្បូងបាននិយាយថា លោកពូទីនបានយល់ព្រមរំលងចោលកិច្ចប្រជុំកំពូលសេដ្ឋកិច្ចក្នុងប្រទេសរបស់ពួកគេនៅខែក្រោយដោយសារដីកាចាប់ខ្លួនដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញប្រឆាំងនឹងរូបលោក។ តុលាការ ICC បានចោទប្រកាន់លោកពូទីនពីបទទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះការចាប់ពង្រត់កុមារពីអ៊ុយក្រែន។
ក្នុងនាមជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាដែលបង្កើតតុលាការអន្តរជាតិនេះ អាហ្រ្វិកខាងត្បូងនឹងមានកាតព្វកិច្ចចាប់ខ្លួនមេដឹកនាំរុស្ស៊ី ប្រសិនបើគាត់ដាក់ជើងជាន់នៅទីនោះ ឬ មិនអ៊ីចឹងទេប្រទេសនេះនឹងរងការចោទថា«មិនទទួលខុសត្រូវ»៕(ប្រែសម្រួលដោយ លោកសំណាង)