ឯកឧត្តម ស សុខា ថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តព្រៃវែង

ភ្នំពេញ ៖ ឯកឧត្តម ស សុខា បេក្ខជនតំណាងរាស្ត្រ គណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះសារ ក្នុងផេកផ្លូវការរបស់ខ្លួនថ្លែងអំណរគុណដល់ពលរដ្ឋ ក្នុងខេត្តព្រៃវែង ក៏ដូចជានៅទូទាំងប្រទេស ដែលបានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់ឯកឧត្តម ស សុខា ដែលបានបង្ហោះក្នុងផេកផ្លូវការរបស់ខ្លួន ៖ « ក្នុងនាមបេក្ខជនតំណាងរាស្ត្រមណ្ឌលព្រៃវែង ខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះចំពោះប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងដែលបានអញ្ជើញទៅបោះឆ្នោតជាង ៦២ម៉ឺននាក់ ស្មើនឹងជាង ៨៤% និងជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។ 

ជារួមខ្ញុំសូមសម្ដែងនូវការគោរព និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលជឿជាក់លើកម្ពុជា លើរាជរដ្ឋាភិបាល និងលើគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញទៅបោះឆ្នោតជាង៨លាននាក់ ស្មើនឹងជាង ៨៤% និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ទទួលបានលទ្ធផលឈ្នះភ្លូកទឹកភ្លូកដី។ 

លទ្ធផលនេះបញ្ជាក់ឱ្យឃើញថា ប្រជាពលរដ្ឋខ្មែរកាន់តែមាន ភាពចាស់ទំខាងនយោបាយ ពោលគឺ បានគោរពយ៉ាងគត់មុត នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលចែងដោយរដ្ឋធម្មនុញ្ញ។ លើសពីនេះ ប្រជាពលរដ្ឋយល់កាន់តែច្បាស់ អំពីសារៈសំខាន់ នៃការបោះឆ្នោត និងបានអនុវត្តសិទ្ធិមួយនេះតាមឆន្ទៈត្រឹមត្រូវ មិនលុះតាមការញុះញង់ របស់អ្នកនយោបាយមួយអន្លើដែលអន្ទងខុសច្បាប់ឱ្យគូសបំផ្លាញសន្លឹកឆ្នោតចោល ក្នុងចេតនាទុច្ចរិត បំផ្លាញការបោះឆ្នោតនៅកម្ពុជា។

លទ្ធផលនេះ ក៏បង្ហាញអំពីស្មារតីសាមគ្គីរួបរួម របស់ប្រជាពលរដ្ឋ ក្រោមឆ័ត្រគណបក្សប្រជាជនកម្ពុជា ផងដែរ។ ដូច្នេះយើងបន្តកៀកស្មាស្រាក់ដៃគ្នាទាំងរដ្ឋនិងរាស្ត្រ ទាំងបក្សនិងម្ចាស់ឆ្នោត ដើម្បីនាំនាវាកម្ពុជាលើផ្លូវសន្តិភាព ឆ្ពោះទៅកំណែទម្រង់ជាបន្តបន្ទាប់ ដើរឱ្យទាន់ពិភពលោក នាយុគ្គសម័យសង្គមឌីជីថល បម្រើឱ្យជីវភាពប្រជាពលរដ្ឋ កាន់តែធូរធារសំបូរសប្បាយ រុងរឿងព្រមៗគ្នា »៕ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *