អតីតប្តីទំនងប្រចណ្ឌចាក់សម្លាប់ប្រពន្ធ ហើយគេចខ្លួនបាត់

កណ្តាល ៖ ស្ត្រីជាកម្មការិនីរោងចក្រម្នាក់ បន្ទាប់ពីបោះឆ្នោតរួចផឹកស្រាបៀរអស់២កំប៉ុងដេកលក់លើអង្រឹង ពេលងើបឡើងក៏ត្រូវអតីតប្តី បានប្រើកាំបិតចាក់លើអតីតភរិយាបណ្តាលឱ្យស្លាប់ភ្លាមៗ កើតហេតុនៅថ្ងៃអាទិត្យ ទី២៣ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង៦និង៣០នាទីយប់ ស្ថិតនៅភូមិព្រែកត្រែង ឃុំសំរោងធំ  ស្រុកកៀនស្វាយខេត្តកណ្តាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះសែម គឹមសាន ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាប្រពន្ធជនសង្ស័យ។ ចំណែកជនសង្ស័យឈ្មោះអឿន ស៊ិន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវជាប្តីជនរងគ្រោះ(គេចខ្លួន) ។

តាមការបំភ្លឺរបស់ឈ្មោះ ឈឿន វណ្ណដេត ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាកូនប្រសារជនរងគ្រោះ និងឈ្មោះស៊ិន រក្សាភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាកូនបង្កើតជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា «ជនរងគ្រោះ និងជនសង្ស័យបានឈ្លោះប្រកែកគ្នា និងឈប់រស់នៅជាមួយគ្នាតាំងពីចូលឆ្នាំខ្មែរមកម៉្លេះ, រួចជនរងគ្រោះបានទៅធ្វើការនៅរាជធានីភ្នំពេញប្រហែលជិតមួយខែមកហើយ»។

សាក្សីបន្តថា លុះដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១២និង១០នាទី ជនរងគ្រោះបានមកពីភ្នំពេញ មកផ្ទះរួចយកម៉ូតូរបស់កូនទៅបោះឆ្នោត ,បន្ទាប់ពីបោះឆ្នោតរួចជនរងគ្រោះ បានជិះម៉ូតូចូលមកផឹកស៊ីនៅផ្ទះរបស់ឈ្មោះហ៊ឹមជឿន ភេទប្រុស ជាមួយនឹងឈ្មោះនាង សុង ភេទប្រុស អស់ស្រាបៀរចំនួន០២កំប៉ុង រួចជនរងគ្រោះបានជិះម៉ូតូចេញទៅផឹកនៅកន្លែងផ្សេងទៀត ។

សាក្សីបន្តថា មួយសន្ទុះស្រាប់តែជនសង្ស័យបានដើរមករកជនរងគ្រោះនៅផ្ទះឈ្មោះហ៊ឹម ជឿន តែមិនឃើញជនរងគ្រោះនៅផ្ទះ ជនសង្ស័យក៏បានដើរត្រឡប់មកផ្ទះវិញ ។ បន្ទាប់ពីជនសង្ស័យចេញផុតពីផ្ទះឈ្មោះហ៊ឹម ជឿន ភ្លាមស្រាប់តែជនរងគ្រោះក៏បានមកដល់ផ្ទះរបស់ឈ្មោះហ៊ឹម ជឿន ម្តងទៀត រួចជនរងគ្រោះបានផឹកស្រាបៀរអស់០១កំប៉ុងទៀត ស្រវឹងរួចក៏ដេកនៅលើអង្រឹងក្រោមផ្ទះរបស់ឈ្មោះហ៊ឹម ជឿន ។

សាក្សីជាកូនបន្តថា រហូតដល់ម៉ោង៣និង១០នាទីរសៀលមិនឃើញជនរងគ្រោះមកផ្ទះ កូនស្រីឈ្មោះស៊ិន រក្សា ភេទស្រី ក៏បានទូរសព្ទទៅជនរងគ្រោះដើម្បីយកម៉ូតូ តែជនរងគ្រោះមិនបានយកម៉ូតូមកឱ្យកូនទេ ។ពេលនោះឈ្មោះស៊ិនរក្សា បានប្រើប្អូនស្រីរបស់ខ្លួនឈ្មោះស៊ិន សុខខេង ឱ្យមកយកម៉ូតូ តែជនរងគ្រោះមិនបានមកផ្ទះទេ មូលហេតុស្រវឹងដេកនៅអង្រឹង ។

រហូតដល់ម៉ោង៦ល្ងាច ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានស្វាងពីស្រវឹងស្រាក៏បានដើរចេញពីផ្ទះរបស់ឈ្មោះហ៊ឹមជឿន មកដល់ផ្លូវបេតុងមុខផ្ទះហ៊ឹម ជឿន ចម្ងាយពីកន្លែងផឹកស៊ី២០ម៉ែត្រ ស្រាប់តែជនសង្ស័យបានចាក់ទៅលើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឱ្យរបួសចេញឈាម ហើយជនរងគ្រោះបានរត់ចូលទៅផ្ទះរបស់ឈ្មោះហ៊ឹម ជឿនវិញស្រែកឱ្យគេជួយ ។

ប៉ុន្តែរត់មិនទាន់ដល់ក្រោមផ្ទះផង ជនរងគ្រោក៏បានដួលនៅជិតក្រោលគោ ឃើញដូចនោះឈ្មោះហ៊ឹម ជឿន ,ឈ្មោះនាង សុង បាននាំគ្នាស្ទុះមកជួយមើលជនរងគ្រោះ និងទូរសព្ទប្រាប់អនុភូមិឲ្យហៅឡានពេទ្យ ។ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានដើរមកផ្ទះ ដោយដៃកាន់កាំបិតចុងស្រួចនៅនឹងដៃ រួចនិយាយប្រាប់ទៅកូនៗថា«ទៅមើលម៉ែង៉ែងផង អញចាក់មួយកាំបិតហើយនៅផ្ទះឈ្មោះ ជឿន»។ ឮដូច្នេះកូនៗក៏នាំគ្នាទៅមើលក៏ឃើញម្តាយរបស់ខ្លួនដូចឪពុកនិយាយមែន  ពេលកូនៗទៅមើលម្តាយ,ជនសង្ស័យក៏បានរត់គេចខ្លួន រួមជាមួយនឹងវត្ថុតាង ។

ក្រោយទទួលបានពត័មាន កម្លាំងប៉ុស្តិ៍សំរោងធំ នឹងកម្លាំងជំនាញផ្នែកយុត្តិធម៌ បានចុះមកដល់កន្លែងកើតហេតុ ប្រមូលភស្តុតាង ពត័មាន និងស្រាវជ្រាវរកជនសង្ស័យ មកចាត់ការតាមនីតិវិធីច្បាប់ តែជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញកំពុងបន្តតាមរកជនសង្ស័យ។

រហូតមកដល់ថ្ងៃទី២៤កក្កដាឆ្នាំ២០២៣ វេលាម៉ោង០៨និង៣០នាទី កម្លាំងជំនាញបច្ចេកទេសនិងកោសល្យវិច័យខេត្តកណ្តាលបានមកពិនិត្យសាកសព ក្រោយពិនិត្យសាកសពរួចកម្លាំងជំនាញបច្ចេកទេសនិងកោសល្យវិច័យខេត្តកណ្តាល បានធ្វើការសន្និដ្ឋានថា «សាកសពស្លាប់ដោយសារជនសង្ស័យចាក់នឹងកាំបិតចុងស្រួចរងរបួសធ្ងន់ធ្ងរជាច្រើនកន្លែងនៅលើដងខ្លួន រហូតដល់បាត់បង់ជីវិត»៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *