ភ្លៀងធ្លាក់ខ្លាំងនៅប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្សច្រើននាក់បាត់បង់ជីវិត

បរទេស ៖ ជំនន់ទឹភ្លៀងដ៏ខ្លាំងបានធ្លាក់តាមរដូវ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បណ្តាលឱ្យមនុស្ស ៣១ នាក់បាត់បង់ជីវិតនិង បាត់ខ្លួនរាប់សិបនាក់ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ខណៈនៅប្រទេសប៉ាគីស្ថានជិតខាងមានមនុស្ស ១៣ នាក់បានបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំងនិងការបាក់រអិលដី។

លោក សាហ្វ៊ីអ៊ុលឡា រ៉ាហ៊ីមី (Shafiullah Rahimi) ជាអ្នកនាំពាក្យតែងតាំងដោយក្រុមតាលីបង់កំពុងកាន់អំណាចរបស់អាហ្វហ្គានីស្ថានសម្រាប់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាននិយាយកាលពីថ្ងៃអាទិត្យថា «មានមនុស្សយ៉ាងហោចណាស់ ៣១ នាក់បានបាត់បង់ជីវិត, ៧៤នាក់រងរបួស និង៤១នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន»។

លោក​បាន​បន្ថែម​ថា ទឹកជំនន់ភ្លាមៗបានវាយប្រហាររដ្ឋធានីកាប៊ុល ខេត្តម៉ៃដាន់វ៉ាដាក់ (Maidan Wardak) និងខេត្តហ្គេស្ន៊ី (Ghazni)។ ភាគ​ច្រើន​នៃ​អ្នក​បាត់បង់ជីវិតនិង​របួស​គឺ​នៅ​ភាគ​ខាង​លិច​ទីក្រុង​កាប៊ុល និង ខេត្តម៉ៃដាន់វ៉ាដាក់ និងសត្វពាហនៈប្រហែល ២៥០ ក្បាលបានងាប់នៅក្នុងទឹកជំនន់។

សូមបញ្ជាក់ថា ទឹកជំនន់បាននាំមកនូវទុក្ខវេទនាបន្ថែមទៀតដល់ប្រទេសអាហ្វហ្គានីស្ថានដែលកំពុងរងគ្រោះរួចទៅហើយ។ កាលពីខែមេសា ទីភ្នាក់ងារកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសអាស៊ីខាងត្បូងនេះកំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតឆ្នាំទីបីជាប់ៗគ្នា ការលំបាកផ្នែកសេដ្ឋកិច្ចឆ្នាំទីពីរជាប់ៗគ្នា និងផលវិបាកនៃសង្គ្រាមនិងគ្រោះធម្មជាតិជាច្រើនទសវត្សរ៍។

លោក ហ្សាប៊ីហ៊ុលឡា មូចាហ៊ីដ (Zabihullah Mujahid) អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ បាននិយាយថា «ទឹកជំនន់ភ្លាមៗបានកើតឡើងនៅក្នុងស្រុកចាល់រ៉េស (Jalrez) នៃខេត្តម៉ៃដាន់វ៉ាដាក់ ភាគខាងលិចទីក្រុងកាប៊ុល ដោយបណ្តាលឱ្យមនុស្ស ១២ នាក់បាត់បង់ជីវិត និង យ៉ាងហោចណាស់មនុស្ស ៤០ នាក់ផ្សេងទៀតបានបាត់ខ្លួន ហើយក្រុមជួយសង្គ្រោះកំពុងមមាញឹកក្នុងប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ»។

ចំណែកការិយាល័យអភិបាលខេត្តបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ផ្ទះរាប់រយខ្នងត្រូវបានខូចខាតឬបំផ្លាញហើយអ្នកបាត់ខ្លួនត្រូវគេជឿថាស្ថិតនៅក្រោមគំនរបាក់បែកនៃផ្ទះដែលដួលរលំ។

ក្នុងប្រទេសប៉ាគីស្ថាន មនុស្ស ១៣ នាក់បានបាត់បង់ជីវិត និង ៧ នាក់បានរងរបួសដោយសារតែភ្លៀងធ្លាក់ខ្លាំងនិងការបាក់ដី ខណៈរដូវមូសុងបានបន្តប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេសកាលពីថ្ងៃអាទិត្យ។

ក្នុងខេត្តឃីបឺប៉ាក់ទុនខ្វា (Khyber Pakhtunkhwa) ភាគពាយព្យ មនុស្ស៩នាក់បានបាត់បង់ជីវិតក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនៅក្នុងឧបទ្ទវហេតុទាក់ទងនឹងភ្លៀង។

បើយោងតាមមន្ត្រីប៉ូលិស លោក រ៉ាចា មៀហ្សា ហាសសាន់ (Raja Mirza Hassan) បាននិយាយថា «នៅក្នុងតំបន់សាឌូ (Skardu) នៃតំបន់ហ្គីលហ្គីតបាល់ទីស្ថាន (Gilgit Baltistan) សមាជិកគ្រួសារ៤នាក់បានបាត់បង់ជីវិតនៅពេលដែលការរអិលបាក់ដីដ៏ធំមួយបានធ្លាក់ចំរថយន្តរបស់ពួកគេ។

លោក តៃមួ ខាន់ (Taimur Khan) អ្នកនាំពាក្យអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្តឃីបឺប៉ាក់ទុនខ្វា បាននិយាយថាភ្លៀងធ្លាក់ខ្លាំងនិងផ្គររន្ទះបានបំផ្លាញផ្ទះយ៉ាងតិច ៧៤ ខ្នងនៅក្នុងខេត្ត៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *