បរទេស ៖ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រម្សិលមិញថា មីស៊ីលបញ្ជាទិសរបស់រុស្ស៊ី បានបាញ់បំផ្លាញអគារស្តុកកសិផលក្នុងតំបន់អូដេសា (Odesa) ខណៈកងកម្លាំងរបស់វិមានក្រឹមឡាំងបានពង្រីកគោលដៅរបស់ពួកគេបន្ទាប់ពីការទម្លាក់គ្រាប់បែកបីថ្ងៃលើហេដ្ឋារចនាសម្ពន្ធកំពង់ផែសមុទ្រខ្មៅ ។
តែប៉ុន្មានម៉ោងក្រោយមក មីស៊ីលរុស្ស៊ីចំនួនប្រាំពីរគ្រាប់ក៏បានធ្វើឱ្យខូចខាតដល់អ្វីដែលក្រុមមន្ត្រីបានពណ៌នាថាជា«កន្លែងហេដ្ឋារចនាសម្ពន្ធសំខាន់ នៅភាគនិរតីនៃទីក្រុងកំពង់ផែអូដេសា ក្នុងអ្វីដែលហាក់ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់វិមានក្រឹមឡាំង ដើម្បីបង្អាក់ការនាំចេញស្បៀងអាហាររបស់អ៊ុយក្រែនតាមសមុទ្រខ្មៅ»។
លោក អូឡេ គីភើ (Oleh Kiper) អភិបាលតំបន់អូដេសាភាគខាងត្បូង បាននិយាយថា ក្នុងអំឡុងពេលយប់ថ្ងៃសុក្រ មីស៊ីលពីរគ្រាប់បានវាយប្រហារលើកន្លែងស្តុកទុកកសិកម្ម ដោយបង្កជាអគ្គិភ័យ ហើយខណៈគេកំពុងពន្លត់ភ្លើង មីស៊ីលមួយទៀតបានវាយប្រហារ ដោយបំផ្លាញកសិដ្ឋាននិងឧបករណ៍ពន្លត់អគ្គិភ័យ។
លោកអភិបាលបន្តថា ការវាយប្រហារនេះបានបណ្តាលឱ្យមនុស្សពីរនាក់រងរបួសនិងបំផ្លាញសណ្តែកសៀងចំនួន១០០ តោន និងស្រូវបាឡេចំនួន ២០ តោន។
ចំពោះការវាយប្រហារនេះមានលក្ខណៈតូចតាចទេបើប្រៀបធៀបនឹងការវាយប្រហារក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានដាក់តំបន់អូដេសានៅក្នុងកែវភ្នែករបស់រុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូបានលុបចោលកិច្ចព្រមព្រៀងសម័យសង្គ្រាម ដែលអនុញ្ញាតឱ្យអ៊ុយក្រែនបញ្ជូនគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅដ៏សំខាន់។
ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ពន្ធនាំចេញគ្រាប់ធញ្ញជាតិសំខាន់ៗរបស់អ៊ុយក្រែន បន្ទាប់ពីបានប្តេជ្ញាសងសឹកលើការវាយប្រហារដែលបានបំផ្លាញស្ពានដ៏សំខាន់មួយរវាងរុស្ស៊ីនិងឧបទ្វីបគ្រីម៉េ ដែលកាន់កាប់ដោយរដ្ឋាភិបាលក្រុងមូស្គូ៕(ប្រែសម្រួលដោយ លោកសំណាង)