មេសហជីពធំនៅកម្ពុជា អំពាវនាវដល់បងប្អូនកម្មករ កម្មការិនី និង ប្រជាពលរដ្ឋចូលរួមបោះឆ្នោត ព្រោះសន្លឹកឆ្នោតបងប្អូន «គឺ​ជាសន្លឹក​ឆ្នោត​ គាំទ្រ​សន្តិភាព​ និង​ការអភិវឌ្ឍ»

ភ្នំពេញ ៖ មេសហជីពធំនៅកម្ពុជា នាថ្ងៃទី២១កក្កដាឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោត ព្រោះសន្លឹកឆ្នោតបងប្អូន គឺ​ជា«សន្លឹក​ឆ្នោត​ គាំទ្រ​សន្តិភាព​ និង​ការអភិវឌ្ឍ»

លោកសំ សឿន ប្រធានក្រុម​ក្រុមប្រឹក្សា​ជាតិ​សហជីព​ NTUC  ដែលជាសហជីពឯករាជ្យ បានអំពាវនាវបែបនេះ ដល់បងប្អូន សមាជិក សមាជិកា កម្មករ និយោជិត និងប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ខណៈយុទ្ធនាការឃោសនាបោះឆ្នោតនឹងបញ្ចប់នៅថ្ងៃនេះ ។

លោកសំ សឿន មានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានអនុញ្ញាតឱ្យបងប្អូនកម្មករនិយោជិត បានឈប់ទៅបោះឆ្នោតចំនួន០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយរក្សាប្រាក់ឈ្នួល និង អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតនៅដដែល។

លោកបន្តថា «សន្លឹកឆ្នោតរបស់បងប្អូនមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុតក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និង យន្តការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់បងប្អូនកម្មករនិយោជិត ឆ្នាំ២០២៤ ខាងមុខនេះនិងដើម្បីកែប្រែអនាគតរបស់យើង និងប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ស្មើមុខស្មើមាត់នឹងប្រទេសជិតខាង និងអន្តរជាតិ គឺតាមរយៈការបោះឆ្នោតនេះហើយ»។

លោកសំ សឿនលើកឡើងថា មានគណបក្សនយោបាយចូលរួមមានចំនួន១៨ ដែលមានក្នុងបញ្ជីបោះឆ្នោត ដូចនេះសូមបងប្អូនសមាជិក សមាជិកា កម្មករ និយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជ្រើសរើស និងគូសយកបានតែមួយគត់ ក្នុងចំណោម១៨ គណបក្សឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

វត្តមាននៃការចូលរួមបោះឆ្នោតរបស់បងប្អូន សមាជិក សមាជិកា កម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់ គឺបានឆ្លុះបញ្ចាំងពីមនសិការស្រលាញ់ជាតិ មាតុភូមិរបស់ខ្លួន ស្រលាញ់សុខសន្តិភាព និង កិត្យានុភាពជាតិ។

មេសហជីពរូបនេះ​ សង្ឃឹមជឿជាក់ថា បងប្អូនសមាជិក សមាជិកា កម្មករនិយោជិត និងបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះកុំបីខានឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *