រថយន្តPriusច្រឡំដាក់លេខថយក្រោយ ស្ទុះបុកម៉ូតូScoopyរុញផ្ទប់រថយន្តFord បុរសជនជាតិចិនម្នាក់បាត់បង់ជីវិត

ភ្នំពេញ ៖ រថយន្តPriusមួយគ្រឿងបើកបរដោយស្ត្រីម្នាក់ កំពុងឈប់ភ្លើងស្តុបក្រហម លុះដល់ភ្លើងខៀវលោតភ្លែតមិនដាក់លេខទៅមុខ បែរជាច្រឡំដាក់លេខថយក្រោយ ស្ទុះបុកម៉ូតូScoopyរុញផ្ទប់រថយន្តFord បណ្តាលឱ្យជនរងគ្រោះជាជនជាតិចិនម្នាក់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅលើផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះ ឈ្នះ ចំណុចភ្លើងស្តុប ស្ពានអាកាសថ្មី ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពបានឱ្យដឹងថា ដំបូងគេឃើញរថយន្តម៉ាកTOYOTA Prius  ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BD-4793 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីកើតទៅលិច , លុះដល់ចំណុចកើតហេតុក៏ឈប់ភ្លើងស្តុបក្រហម ។ចំណែកបុរសជនជាតិចិនម្នាក់ជាជនរងគ្រោះ(មិនទាន់ស្គាល់ឈ្មោះ) ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BA-8157 ជិះពីកើតទៅលិចដែរនោះ ទៅឈប់ពីក្រោយ ។

ចំណែករថយន្ត ម៉ាកFord ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-0501 បើកបរដោយបុរសម្នាក់ ពីកើតទៅលិចដូចគ្នា ទៅឈប់នៅពីក្រោយម៉ូតូរបស់ជនរងគ្រោះ រង់ចាំភ្លើងស្តុបទាំងអស់គ្នា។ លុះដល់ភ្លើងស្តុបលោតពណ៌ខៀវវិញស្រាប់តែរថយន្តPrius មិនដាក់លេខទៅមុខ បែរជាច្រឡំដាក់លេខថយក្រោយ ធ្វើឱ្យរថយន្តស្ទុះថយក្រោយបុកម៉ូតូជនរងគ្រោះ រុញផ្ទប់នឹងរថយន្តFord បណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចឃាត់អ្នកបើកបរនិងអ្នករួមដំណើរទាំង២នាក់ នាំយកទៅប៉ុស្តិ៍ចោមចៅទី៣ ។

ក្រោយកើតហេតុ ដើម្បីជៀសវាងកកស្ទះចរាចរណ៍ សមត្ថកិច្ចយកមធ្យោបាយទាំងអស់ក្នុងករណីខាងលើដាក់កៀនម្ខាង ហើយប្រគល់រថយន្ត២គ្រឿងនិងម៉ូតូមួយគ្រឿង រួមទាំងអ្នកបើកបររថយន្តទាំង២នាក់ ឱ្យការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ យកទៅរក្សាទុកនិងកសាងសំណុំរឿងតាមនីតិវិធី ។ 

ចំណែកសពជនរងគ្រោះត្រូវបានដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីបន្តការស្រាវជ្រាវស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *